លោក ស ថេត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការស្តីពី ការលុបបំបាត់ការបង្កសំឡេងរំខានលេីសកម្រិត ដោយយានយន្តគ្រប់ប្រភេទ

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ នៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បាន​ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការស្តីពី ការលុបបំបាត់ការបង្កសំឡេងរំខានលេីសកម្រិត ដោយយានយន្តគ្រប់ប្រភេទ។ កិច្ចប្រជុំនេះ​មានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ​ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ​។

នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានផ្តល់មតិណែនាំល្អៗជាច្រេីនដល់អង្គប្រជុំ ដេីម្បីយកទៅអនុវត្តតាមសេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃឲ្យបានត្រឹមត្រូវ ជាមួយនឹងការចុះផ្សព្វផ្សាយ​ ណែនាំអប់រំ ឲ្យបានទូលំទូលាយទៅតាមយានដ្ឋានកែច្នៃ​ ចុះផ្សព្វផ្សាយតាមខ្នងផ្ទះប្រជាពលរដ្ឋ​ ដេីម្បីឲ្យអាណាព្យាបាល ធ្វេីការណែនាំអប់រំកូនៗឲ្យបានល្អ​ និងគោរពច្បាប់​ ជាពិសេសក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ត្រូវតែប្រកាន់ភ្ជាប់ នូវកាយវិការ​ និងពាក្យសម្តីឲ្យបានសមរម្យ​ ហេីយមិនត្រូវអនុវត្តលេីសពីការណែនាំឡេីយ។

ម្យ៉ាងវិញទៀត ចំពោះអ្នកប្រេីប្រាស់យានយន្តកែច្នៃសុីមាំង នឹងត្រូវធ្វេីការណែនាំអប់រំ ធ្វេីការផាកពិន័យតាមច្បាប់អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងនាំយកយានយន្តមករក្សាទុកនៅកន្លែងសមត្ថកិច្ចមិនឲ្យលេីសរយ:ពេល ៣ថ្ងៃឡេីយ​។

សូមបញ្ជាក់ថា ការអនុវត្តការណែនាំអប់រំ​ និងឃាត់ដេីម្បីធ្វេីការផាកពិន័យ​ ចំពោះយានយន្តដែលកែច្នៃបង្កសំឡេងរំខាន​នេះ សមត្ថកិច្ចនឹងធ្វេីការសហការជាមួយក្រសួងបរិស្ថាន​ ដេីម្បីប្រេីប្រាស់ម៉ាសុីន ក្នុងការវាស់កម្រិតសំឡេងដែលបង្កដោយយានយន្តគ្រប់ប្រភេទ​៕

ដោយ៖ សត្យា

អត្ថបទដែលជាប់ទាក់ទង