មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក​ខេត្តព្រះសីហនុ អំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានជាប្រចាំ ទោះបីចម្ងាយផ្លូវជិតឬឆ្ងាយបែបណាក្តី!

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ ជាថ្មីម្តងទៀត បានអំពាវនាវដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ ជាពិសេសអ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានទាំងអស់គ្នា ទោះបីចម្ងាយផ្លូវជិត ឬឆ្ងាយបែបណាក្តី។ ជាងនេះទៀត អ្នកបើកបរយានយន្តទាំងអស់ ត្រូវចេះអធ្យាស្រ័យ ឬយោគយល់ឲ្យគ្នាទៅវិញទៅមក ក្នុងអំឡុងពេលបើកបរនៅលើដងផ្លូវ ឬក៏ផ្លូវជាតិណាមួយ ជាពិសេសផ្លូវជាតិលេខ៤ តែម្តង ព្រោះសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងស្ទើរជារៀងរាល់យប់ថ្ងៃនៅតាមបណ្តោយផ្លូវជាតិលេខ៤ បណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសជាបន្តបន្ទាប់។

ជាក់ស្តែងនៅយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ​២០២១ មានគ្រោះថ្នាក់ចរាចរណ៍មួយករណីទៀត រវាងម៉ូតូបុកប៉ះជាមួយម៉ូតូ នៅតាមកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ១៩០-១៩១ ស្ថិតក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យអ្នកបើកបរមូ៉តូទាំងនោះ រងបួសទាំងសងខាង។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បញ្ជាក់ថា ភាគីម៉ូតូម៉ាក អិចសង់ទ័រ ពណ៍ខៀវ គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ នាង សុវណ្ណ ភេទប្រុស អាយុ ៤០ឆ្នាំ (រងរបួស) រស់នៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បើកបរក្នុងទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ​។

ចំណែកភាគីម៉ូតូ ម្ខាងទៀត ម៉ាក Honda dream c១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ ១C-៨០២៦ បើកបរដោយឈ្មោះ ខឹម ហុក (រងរបួស) បើកបរទិសដៅចេញពី ខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ វត្ថុតាងម៉ូតូទាំង ០២គ្រឿង ត្រូវសមត្ថកិច្ច នាំយកមករក្សាទុកនៅ​អធិការដ្ឋាននគបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីបន្តដំណោះស្រាយតាមនីតិវិធីនៅពេលក្រោយទៀត៕

ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង