សហរដ្ឋអាមេរិកសន្យា បន្តផ្តល់ជំនួយដល់កម្ពុជាដដែល ទាក់ទង​ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស

រាជធានីភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy បានអះអាងថា រដ្ឋាភិបាលអាមេរិកនៅតែបន្តផ្តល់ជំនួយដល់ប្រទេសកម្ពុជាដដែល ក្នុងការយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហើយលោកបានថ្លែងកោតសរសើរចំពោះការប្តេជ្ញាចិត្ តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនេះ ខណៈបញ្ហានេះនៅតែមានការព្រួយបារម្ភនៅឡើយ ចំពោះពិភពលោកទាំងមូលនោះ។

ការអះអាង របស់លោកឯកអគ្គរដ្ឋទូតអាមេរិកបែបនេះ ​បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពី «វឌ្ឍនភាពនៃការងារប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស ការប្រឈមនិងដំណោះស្រាយ» នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីចុងសប្តាហ៍កន្លងទៅនេះ ដែលភាគីកម្ពុជាដឹកនាំដោយលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)​។

នាឱកាសនោះ លោក Patrick Murphy បានលើកឡើងថា អំពើជួញដូរមនុស្សគឺជាបញ្ហាដ៏ធំមួយ ក្នុងចំណោមបញ្ហានានានៅសហរដ្ឋអាមេរិក ដែលយើងទាំងអស់គ្នាមិនអាចទទួលយកបាននោះឡើយ។ លោកបន្តថា មិនត្រឹមតែជួញដូរមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាមានភ្ជាប់នូវជាមួយអំពើឧក្រិដ្ឋកម្មនានា មានដូចជា៖ ការជួញដូរសត្វព្រៃ និងការជួយដូរគ្រឿងញៀនជាដើម។ លោក​ថា កត្តាជួញដូរទាំងនេះហើយ បានបង្កឲ្យមានផលប៉ះពាល់ជាអវិជ្ជមាន ដល់សិទ្ធិមនុស្ស និងសេដ្ឋកិច្ចជាដើម។

លោកឯកអគ្គរដ្ឋទូត បានបន្តថា លោកពិតជាមានសេចក្តីរីករាយ និងសម្តែងការកោតសរសើរ ចំពោះការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ហើយលោកជឿជាក់យ៉ាងម៉ុតមាំថា ប្រទេសអាមេរិក និងប្រទេសកម្ពុជា ឯកភាពនិងទទួលស្គាល់ នូវបញ្ហាប្រឈមនានា នៃអំពើជួញដូរមនុស្សនេះ។

​លោក Patrick Murphy បានបញ្ជាក់ទៀតថា «យើងពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការស្គាល់គ្នា ឲ្យកាន់តែប្រសើរ និងបង្កើនកិច្ចសន្ទនា និងពិភាក្សាដើម្បីឆ្លុះបញ្ចាំងអំពីដំណើរការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេសនៅគ្រាអាសន្ននៃជំងឺរាតត្បាតកូវីដ-១៩ ខណៈដែលយើងទាំងអស់គ្នា កំពុងមានការព្រួយបារម្មអំពីផលប៉ះពាល់ នៃជំងឺកាចសាហាវនេះ ដល់វិស័យសេដ្ឋកិច្ច សុខភាពសាធារណៈ ពាណិជ្ជកម្ម ទេសចរណ៍ ដែលជាហេតុបង្កឲ្យជនងាយរងគ្រោះទាំងនោះ ក្លាយខ្លួនជាជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដោយហេតុបញ្ហាប្រឈមខាងសេដ្ឋកិច្ច និងការកេងប្រវ័ញលើកុមារជាដើមនោះ»។

ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីកិច្ចប្រជុំនោះ លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា ការសន្យារបស់អាមេរិក ក្នុងការបន្តផ្តល់ជំនួយដល់ប្រទេសកម្ពុជាដដែលនោះ ពិតជាល្អប្រសើរ បើទោះបីជានាឆ្នាំ២០២០កន្លងទៅ អាមេរិកបានដាក់ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ទាក់ទងនឹងការជួញដូរមនុស្សនេះក៏ដោយនោះ។

ជាមួយគ្នានោះដែរ លោកស្រី ជូ ប៊ុនអេង បានអះអាងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា មិនបានភ្លេចខ្លួននោះឡើយ ក្នុងការទប់ស្កាត់ការជួញដូរមនុស្ស បើទោះបីជារាជរដ្ឋាភិបាលសកម្មខ្លាំង ក្នុងការទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ-១៩ក្តី​។ លោកស្រី​បញ្ជាក់បន្តទៀតថា កម្ពុជា នៅបន្តសហការយ៉ាងជិតស្និតជាមួយអាមេរិកជានិច្ ចក្នុងកិច្ចការទប់ស្កាត់ និងការជួញដូរមនុស្ស បើទោះបីជារបាយការណ៍ខ្លះ របស់អាមេរិកដាក់មកលើកម្ពុជា មានលក្ខណៈមិនគ្រប់ជ្រុងជ្រោយក៏ដោយនោះ៕

ដោយ៖ សក្តា

អត្ថបទដែលជាប់ទាក់ទង