ពលករខ្មែរធ្វើការនៅប្រទេសថៃជិត ១០នាក់រងរបួសធ្ងន់ ដោយសារសំណង់ស្ពានអាកាសបាក់សង្កត់ពីលើ
ប្រទេសថៃ៖ អាជ្ញាធរកម្ពុជា បានឱ្យដឹងថា យ៉ាងហោចណាស់ពលករខ្មែរជិត ១០នាក់ បានរងរបួសធ្ងន់ និងស្រាល បណ្តាលមកពីសារសំណង់ស្ពានអាកាសនៅប្រទេសថៃ បានបាក់ស្រុតសង្កត់ពីលើពួកគេ។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ប្រាប់វីអូឌី តាមតេឡេក្រាម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះថា បើតាមព័ត៌មានបឋម ការដ្ឋានសាងសង់ស្ពានអាកាសនៅប្រទេសថៃ ស្ថិតនៅបរិវេណផ្លូវសុរៈណារ៉ាយ ឃុំឃោកស៊ូង ស្រុកមឿងនគររាជសីមា ខេត្តនគររាជសីមា បានបាក់ស្រុតសង្កត់ពីលើពលករខ្មែរចំនួន ០៧នាក់។ ក្នុងនោះមានស្រី ០៣នាក់ និងប្រុស ០៤នាក់ កាលពីវេលាម៉ោង ១៤:១៨នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។
លោក ហេង សួរ បន្តថា ក្នុងចំណោមពលករ ០៧នាក់ ដែលរងរបួសនោះ មានចំនួន ០២នាក់ រងរបួសធ្ងន់នៅត្រង់ជើង ហើយពេលនេះ ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមហារ៉ាត នគររាជសីមា។
ទាក់ទិនបញ្ហានេះ លោក កុយ គួង អ្នកនាំពាក្រក្រសួងការបរទេសកម្ពុជា មានប្រសាសន៍ស្រដៀងនឹងលោក ហេង សួរ ដែរ ប៉ុន្តែលោកថា អាជ្ញាធរនិងអ្នកពាក់ព័ន្ធ កំពុងស្វែងរករុករកមនុស្សបន្ថែមទៀត ខ្លាចមានអ្នកជាប់នៅ ក្នុងគំនរសំណង់បាក់ទាំងនោះ។
ជាងនេះទៀត លោក កុយ គួង បញ្ជាក់ថា ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ក៏កំពុងធ្វើការជាមួយអាជ្ញាធរថៃ ដើម្បីយកអំណោយជាប្រាក់ និងសម្ភារៈមួយចំនួន ទៅជូនជនរងគ្រោះនៅថ្ងៃស្អែកផងដែរ។
របាយការណ៍ របស់ក្រសួងការងារ គិតត្រឹមឆ្នាំ២០១៨ ពលករខ្មែរដែលចេញទៅធ្វើការនៅប្រទេសថៃ មានប្រមាណ ១លាន ១សែននាក់ តែមិនបានបញ្ជាក់ពីចំនួនពលករធ្វើការខុសច្បាប់ទេ។
យ៉ាងនេះក្តី បើតាមការអះអាង របស់ លោក មឿន តុលា ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស CANTRAL បញ្ជាក់ថា ពលករខ្មែរ ដែលធ្វើការខុសច្បាប់នៅប្រទេសថៃ អាចមានប្រមាណ ២០ម៉ឺននាក់៕
ប្រភព៖ វីអូឌី

