គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ផ្សេង​គ្នា​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់​ និងរបួសធ្ងន់​១​នាក់​

ខេត្ត​បន្ទាយ​មាន​ជ័យ​៖​ សមត្ថកិច្ចនគរបាល យ៉ាង​ហោច​ណាស់​មនុស្ស​ ០២​នាក់​បាន​ស្លាប់​ និង​ម្នាក់​ទៀត​រង​បួស​ធ្ងន់​ ក្នុង​ឧបទ្ទវហេតុ​​គ្រោះថ្នាក់​ចរាចរណ៍​ ០២​ករណី​ដោយឡែក​ពី​គ្នា​ នៅ​យប់​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០២១។​ គ្រោះថ្នាក់នេះ ០១​ករណីកើតឡើង​នៅ​ក្រុង​សិរី​សោភ័ណ​ និង​០១​ករណី​ទៀត​នៅ​ស្រុក​ភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ។

​លោក​វរសេនីយ៍ឯក​ គី​ មក​រា​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ ១៨ ​និង​៤៥​នាទី​ ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០២១​ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ នៅ​ទល់មុខ​ឈៀង​ខាងលិចស្ថានីយ៍ប្រេងឥន្ទនៈ​​ស៊ី​ម​ ឃី​ម​ ចម្ងាយ ​៥០​ម៉ែត្រ​ ស្ថិតក្នុងភូមិ​សាលា​ក្រៅ​ សង្កាត់​ភ្នៀ​ត​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍មួយករណី បានកើតឡើង​ រវាងរថយន្តធុនតូច និងម៉ូតូ។

សមត្ថកិច្ចបញ្ជាក់ថា ភាគីអ្នក​បើក​ម៉ូតូ ​​ម៉ាក​ហុងដា​ឌ្រី​ម​សេ ​125​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ប​.​មាន​ជ័យ​ 1Q-5412​ បាន​បើក​ជ្រុល​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​កើត​ទៅ​លិច​ បណ្តាល​ឲ្យ​ដួល​ខ្ទាត​ទៅ​លើ​ទ្រូង​ថ្នល់​។ រីឯអ្នកបើកបរ​រថយន្ត​តូច ​មិន​ស្គាល់​ម៉ាក​ បានបុក​កិន​បន្ថែម​ បណ្តាល​ឲ្យ​មានមនុស្សម្នាក់​ស្លាប់ ​នៅ​នឹង​កន្លែង​កើតហេតុ​ និង​០១​នាក់​ទៀត​រង​របួសធ្ងន់​។​

សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណ​​​អ្នក​ស្លាប់​ និងអ្នក​របួសធ្ងន់​នៅឡើយទេ។ ចំណែក ​អ្នកបើក​គោ​យន្ត​កន្ត្រៃ នៅ​ក្រោយពេល​កើតហេតុ​ ក៏បើក​គេចខ្លួន​បាត់​ស្រមោល។

​​លោក​វរសេនីយ៍ឯក​ គី​ មក​រា​ បាន​បន្ត​ថា​ នៅ​វេលា​ម៉ោង ​២០ ​និង​៣០​នាទី​ ថ្ងៃ​ទី​២៤ ​ខែមករា​ដដែលនេះ នៅ​ត្រង់​ចំណុច​លើ​ខ្នង​អាង​ពន្លៃ​ ស្ថិត​នៅ​ភូមិ​ពន្លៃ​ ឃុំ​ពន្លៃ​ ស្រុក​ភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយករណីទៀត បានកើតឡើង​បង្ក​ដោយ​ខ្លួនឯង​ ក្រៅ​ទីប្រជុំជន​។​

​សមត្ថកិច្ចបញ្ជាក់ថា​ អ្នក​ដែល​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ ​ឈ្មោះ​ ប្រែង​ ភា​រុណ​ ភេទ​ប្រុស​ អាយុ​ ២៨​​ឆ្នាំ​ រស់នៅ​ភូមិ​ពន្លៃ​ ឃុំ​ពន្លៃ​ ស្រុក​ភ្នំស្រុក​ បើក​ម៉ូតូ​ម៉ាក​វេ​វ​អ៊ី​ ស៊េរី​ឆ្នាំ​២០១៥​ ពណ៌​ខ្មៅ​-​ទឹកប៊ិច​ គ្មាន​ស្លាក​លេខ​ បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ក្នុង​ល្បឿន​លឿន​សង្ស័យ​ស្រវឹង​។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ផ្លូវ​កោង ក៏​បាន​រេ​ចង្កូត​មក​ឆ្វេង​ដៃ​បុក​បង្គោល​ចំណាំងផ្លាត​ ធ្វើ​ឲ្យ​មនុស្ស​ក្បាល​បោក​នឹង​បង្គោល​ចំណាំងផ្លាត​ ស្លាប់​ភ្លាមៗ​​​នៅ​នឹង​កន្លែង​កើតហេតុ​​។​

​សមត្ថកិច្ចបញ្ជាក់បន្ថែមថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ​០២​ករណី​នេះ​ បានម៉ូតូ​ខូចខាត​ធ្ងន់​ទាំង​០២​គ្រឿង​ ស្លាប់មនុស្ស​០២​នាក់ ​និង​​របួសធ្ងន់ម្នាក់ បានបញ្ជូន​ទៅសង្គ្រោះព្យាបាលនៅ​មន្ទីរពេទ្យ​។ រីឯអ្នកស្លាប់ទាំង ០២នាក់ បានប្រគល់ជូនក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ឡាយ ថេង

អត្ថបទដែលជាប់ទាក់ទង