គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកជាមួយម៉ូតូ បណ្តាលឲ្យបុរស​២នាក់រងរបួសធ្ងន់

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបុកម៉ូតូបណ្តាលឲ្យមនុស្ស ០២នាក់ រងរបួសធ្ងន់ កាលពីម៉ោង ០៦ និង៥៥នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១​ នៅ​ចំណុចលើផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រ​២-៣ ស្ថិតក្នុងភូមិស្រះកែវ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា មុនពេលកើតហេតុមានម៉ូតូ ០១គ្រឿងម៉ាកហុងដា C125 (2015) ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1FD-9804 បើកបរដោយឈ្មោះ លាង សុខលី ភេទប្រុស អាយុ ៣៧ឆ្នាំ(របួសធ្ងន់) រស់នៅភូមិពាមលង្វែក ឃុំកពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះបើកបរមកដល់ចំណុចខាងលើ ក៏បានបើកបុកជាមួយម៉ូតូ ០១​គ្រឿង ម៉ាកហុងដា C125 (2014) ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1CF-9982 បើកបរដោយ​បុរសម្នាក់មិនទាន់ស្គាល់ឈ្មោះ និងអាសយដ្ឋាន (ត្រូវបានមិត្តភ័ក្តិបញ្ជូនទៅមន្ទីរពេទ្យមុនពេលសមត្ថកិច្ចទៅដល់) បើកបរឆ្លងផ្លូវពីលិចទៅកើត។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញស្រុកឧដុង្គ បានចុះទៅដល់កន្លែងកើតហេតុ រួចក៏បានវាស់វែងយក វត្ថុតាងម៉ូតូខាងលើរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាំងចាស់ ដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង