លោក ប៊ុត បុប្ផា ត្រូវតែងតាំងជាប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុថ្មី

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ នៅខេត្តព្រះសីហនុ បានរៀបចំពិធីប្រកាសតែងតាំង​ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុថ្មី គឺលោក ប៊ុត បុប្ផា ដាក់ជំនួស លោក ដេត ណូ ដែលគ្រប់អាយុត្រូវចូលនិវត្តន៍។ ពិធីនេះ ក្រោម​អធិបតីភាព លោក ស្រី សួន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ រួមជាមួយមន្ត្រីមន្ទីរស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ លោក ប៊ុត បុប្ផា ដែលទើប​ចូលកាន់តំណែងថ្មី បានធ្វើការប្ដេជ្ញាចិត្តនៅចំពោះមុខអង្គពិធីនោះថា​៖

១​-​ យកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្យាយាមប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតីបន្តពង្រឹង និងពង្រីកសាមគ្គីភាព ឯកភាពផ្ទៃក្នុង សហប្រតិបត្តិការឱ្យកាន់តែមានភាពរឹងមាំដើម្បីជាធ្លុងមួយ និងឧត្តមប្រយោជន៍ដល់ការសម្រេចបាន នូវលទ្ធផលជាផ្លែផ្កាល្អប្រសើរជូនដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ។

២- ខិតខំអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវតួនាទីភារកិច្ចរបៀបរបបការងារបែបបទនីតិវិធី និងលក្ខខណ្ឌការងារ របស់មន្ត្រីតាមឋានានុក្រមសំដៅលើកកម្ពស់ប្រសិទ្ធភាពការងារ ក្នុងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈប្រកបដោយតម្លាភាព និងសមភាពឱ្យបានកម្រិតខ្ពស់បំផុត។

៣- យកចិត្តទុកដាក់ក្នុងការកែលម្អ និងធ្វើឱ្យកាន់តែប្រសើរឡើង នូវការបំពេញការងារបន្តអនុវត្តន៍ពង្រឹង និងពង្រីកវិសាលភាពការងារព្រមទាំងរិះរកមធ្យោបាយ និងលទ្ធភាពនានារួមទាំងការកែទម្រង់ ការងារបណ្តុះបណ្តាលអភិវឌ្ឍន៍កសាង និងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈសីលធម៌ ដើម្បីធានាបានទាំងបរិមាណគុណភាព និងប្រសិទ្ធភាពខ្ពស់។

៤- បន្តរួមចំណែកឱ្យបានសកម្មស្របតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា កម្មវិធីកំណែទម្រង់ស៊ីជម្រៅនានា ដើម្បីវិបុលភាព វឌ្ឍនភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ​។

៥- ប្តេជ្ញាអនុវត្តន៍តាមតួនាទីភារកិច្ច និងកិច្ចការដទៃទៀតដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តព្រះសីហនុប្រគល់ជូន ព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការជាមួយមន្ទីរ អង្គភាពស្ថាប័ននានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងស្ថាប័នអន្តរជាតិ ក្នុងការពង្រឹងការអភិរក្ស និងការអភិវឌ្ឍលើវិស័យវប្បធម៌ ឱ្យបានទូលំទូលាយ។

នាឱកាសនោះដែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានចូលរួមអបអរសាទរ លោក ប៊ុត បុប្ផា ដែលត្រូវបានថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ​ផ្តល់សេចក្តីទុកចិត្ត តែងតាំងមុខតំណែងជា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ដើម្បីបន្តនិរន្តរភាពដឹកនាំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលថ្មីៗ​បន្ថែមទៀត ស្របតាមគោលការណ៍ ច្បាប់និងលិខិតបទដ្ឋានគតិយុត្ត។ ជាងនេះទៀត ក៏ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីអនុវត្តតាមតួនាទីភារកិច្ច ដែលថ្នាក់ដឹកនាំបានប្រគល់ជូន ដើម្បីធ្វើឱ្យការងារវប្បធម៌ និងវិចិត្រសិល្បៈខេត្តសីហនុ មានការរីកចម្រើន និងកិច្ចប្រតិបត្តិការល្អ ទន់ភ្លន់ ហ្មត់ចត់ជាមួយគ្រប់មន្ទីរអង្គភាព ឱ្យកាន់តែល្អប្រសើរប្រកបដោយមនសិការវិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវអភិក្រម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ(ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់)។

ព្រមជាមួយគ្នានោះផងដែរ លោក គួច ចំរើន ក៏បានស្នើឲ្យ លោក ប៊ុត បុប្ផាប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសីហនុ ដែលទើបតែតែងតាំងថ្មី ត្រូវនិពន្ធរឿងរ៉ាវសាវតា របស់ខេត្តព្រះសីហនុ ក្នុងប្រធានបទ (បុប្ផាផ្ដៅសោម) ដើម្បីដាក់ជូនទៅក្រសួងវប្បធម៌ និងវិចត្រសិល្បៈ ត្រួតពិនិត្យ​ ហើយបើឯកភាពទទួលយក ​លោកអភិបាល នឹងដាក់រឿងនេះធ្វើជាប្រធានបទ ចូលទៅក្នុងកម្មវិធី​បុណ្យសមុទ្រឆ្នាំនេះតែម្ដង​៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង