នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន៖ ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២០ ធ្វើឲ្យគ្រោះថ្នាក់ថយជិត១ពាន់ករណី ខណៈអ្នកស្លាប់ថយចុះជាង៣រយនាក់

រាជធានីភ្នំពេញ​៖ ​លោកនាយឧត្តមសេនីយ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី​២៥ ខែមករា​ ឆ្នាំ ២០២១នេះ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផល នៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សម្រាប់ឆ្នាំ២០២០ ដែលរាជរដ្ឋាភិបាល បានកំណត់យកឆ្នាំនេះ គឺឆ្នាំដែលត្រូវរឹតបន្ដឹងច្បាប់ចរាចរណ៍ ក្រោយពិនិត្យឃើញថា តួលេខនៃគ្រោះថ្នាក់ចរាចរណ៍មានអត្រាខ្ពស់ និងមានមនុស្សស្លាប់បានកើនឡើងគួរឲ្យព្រួយបារម្ភ។

​ថ្លែងនៅក្នុងសន្នីទសារព័ត៌មាននោះ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ របស់កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក រួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដ៏ទៃទៀត គឺទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ក្នុងនោះត្រួតពិនិត្យយានយន្ដសរុប ១លាន ៧សែនគ្រឿង រួមមាន៖ ម៉ូតូ ៦៥ភាគរយ រកឃើញយានយន្ដល្មើសចំនួន ៣៥៥,៨៨៥គ្រឿង ស្មើនឹង ២០ភាគរយ ដែលបទល្មើសភាគច្រើនមិនពាក់មួកសុវត្ថិភាព។

​នាយឧត្តមសេនីយ ហ៊ឹម យ៉ាន បន្ថែមថា សម្រាប់រថយន្ដដែលល្មើសភាគច្រើន លើសល្បឿនកំណត់​មាន​ ៦០ភាគរយ ក្នុងចំណោមរថយន្ដល្មើសទាំងអស់។ លោកបន្តថា បញ្ហាទាំងនេះ គឺជាបញ្ហាប្រឈម ដែលត្រូវបន្ដពិនិត្យឡើងវិញ ដើម្បីធ្វើ​រឹតបន្ដឹងលើករណីនេះឲ្យមានប្រសិទ្ធភាពថែមទៀត។

​នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ​ក្នុងឆ្នាំ២០២០កន្លងទៅ ករណីគ្រោះថ្នាក់ចររាចណ៍បានកើតឡើងចំនួន ៣,១៧៩លើក ថយចុះចំនួន ៩៤២លើក ស្មើរនឹង ២៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ ​គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១,៦៤៦នាក់ ថយចុះចំនួន ៣៣៥នាក់ ស្មើរនឹង ១៧ភាគ ធៀបនឹងឆ្នាំ២០១៩។ ដោយឡែកអ្នករបួសមានចំនួន ៤,៦៨៦ ថយចុះចំនួន ១,៤៥៥នាក់ ស្មើរនឹង ២៤ភាគរយ ធៀបនឹងឆ្នាំ២០១៩។

​នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បញ្ជាក់បន្ថែមថា មូលហេតុដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបណ្ដាលមកពីល្បឿន ៣៣ភាគរយ, មិនគោរពសិទ្ធិ ២៤ភាគរយ, មិនប្រកាន់ស្ដាំ ១៥ភាគរយ, ប្រជែងគ្រោះថ្នាក់ ១០ភាគរយ, បត់ឆ្វេង ស្ដាំ មិនប្រយ័ត្ន ៩ភាគរយ, ស្រវឹង ៥ភាគរយ, កត្តាយាន ៣ភាគរយ និងងងុយ ១ភាគរយ។

ដោយឡែក សម្រាប់ទិសដៅបន្ដក្នុងឆ្នាំ២០២១នេះ​ លោក​នាយឧត្តមសេនីយ ហ៊ឹម យ៉ាន បញ្ជាក់ថា៖

ទី១- រាជរដ្ឋាភិបាលកម្ពុជា ពិសេសអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺនៅបន្ដរឹតបន្ដឹងច្បាប់ដដែល ហើយការរឹតបន្ដឹងនេះទៀតសោត គឺធ្វើឲ្យមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

ទី២-បន្ដខិតខំអប់រំផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋ ឲ្យយល់ច្បាស់អំពីអ្វីទៅ ដែលជាកត្តានាំឲ្យបង្កគ្រោះថ្នាក់ចរាចរណ៍ និងអ្វីទៅជាកាតព្វកិច្ច ក្នុងការអនុវត្តច្បាប់ក្នុងការបើកបរ ក្នុងការបញ្ជាយានរបស់អ្នកប្រើប្រាស់ផ្លូវ។

ទី៣- បន្ដចូលរួមធ្វើវិសោធន៍កម្ម ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

ទី៤- បន្ដពង្រឹងយន្ដការតាមដានរបស់សាធារណៈជន ដើម្បីប្រមូលយកនូវការរិះគន់ ការផ្ដល់នូវមតិយោបល់ក្នុងន័យស្ថាបនា កែលម្អឲ្យបានទាន់ពេលនូវភាពអសកម្មជាបុគ្គល។

ទី៥- ខិតខំបន្ថែមទៀត ក្នុងការពង្រឹងសមត្ថភាព របស់មន្ដ្រីអ្នកអនុវត្តច្បាប់ ឲ្យកាន់តែមានសមត្ថភាពទាំងបច្ចេកទេស ទាំងច្បាប់ និងទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញប្រតិបត្តិការរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង