បទល្មើសព្រៃឈើ​បន្តកើតមាននៅខេត្តមណ្ឌលគិរី ហើយធ្វើសកម្មភាពនៅក្បែរច្រមុះសមត្ថកិច្ច..

ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌលគិរី បានអះអាងថា បទល្មើសកាប់និងនាំឈើប្រណិតៗចេញទៅក្រៅប្រទេស នាមូលដ្ឋានខេត្តមណ្ឌលគិរី នៅតែបន្តកើតមាន ហើយទំនងជាឈ្មួញឈើទាំងនោះ ត្រូវដងត្រូវផ្លែជាមួយមន្ត្រីខិលខូចមួយចំនួន ទើបអាចដឹកឈើទាំងនោះ​​ទៅកាន់ប្រទេសវៀតណាម តាមច្រកព្រំដែន​​ ដោយរលូន និងគ្មានការហាមឃាត់។

ជាក់ស្តែងកាលពីថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១ម្សិលមិញនេះ ​ឈើប្រណិតចំនួន ២៣៧ដុំ ត្រូវបានគេប្រទះឃើញ ឈ្មួញឈើ ដឹក​មកទម្លាក់​​ទុក​ក្នុងព្រៃស្ងាត់មួយកន្លែង​នៅក្បែរព្រំដែនកម្ពុជាវៀតណាម ហើយដែលឈើទាំងនោះត្រូវ​គេសង្ស័យថា ទំនងជា​បម្រុងដឹកឆ្លង ទៅកាន់ប្រទេសវៀតណាម ដោយមានការឃុបឃិត រវាងឈ្មួញឈើ និងសមត្ថកិច្ចខិលខូចមួយចំនួនតូច។

ប្រភពបញ្ជាក់ថា ការប្រទះឃើញដុំឈើប្រណិតខាងលើនេះ ​គឺនៅចន្លោះអូររ៉ូ និងម្រើច ស្ថិតក្នុងភូមិសាស្ត្រភូមិកោះម្យើលលើ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី និយាមការលេខ ០៧៧៥៣៥៥-១៤៥៥៩១៤ លើដែនសមត្ថកិច្ចដែនជម្រកសត្វព្រៃស្រែពក និងវរៈកាពារព្រំដែន៣០៣​។

ក្រោយការប្រទះឃើញដុំឈើប្រណិតទាំងនេះ មត្ថកិច្ចចម្រុះរួមមាន៖ ស្នងការរងព្រំដែន, នាយករងដែន​ជម្រកសត្វព្រៃស្រែពក, មេបញ្ជាការ/បញ្ជាការងវរៈ៣០៣, នាយរង(ខ២), អនុប្រធានស្នាក់ការគឺបានដឹកនាំមន្ត្រីក្រោមឱវាទចុះបង្ក្រាបភ្លាមៗ និងរាយការជូនថ្នាក់លើរៀងៗខ្លួន​។

ទាក់ទិនបញ្ហានេះ លោក កែវ សុភគ៏ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងថ្ងៃទី២៥ ខែមករា ឆ្នាំ​២០២១នេះ​ថា ចំណុចកើតមានបទល្មើសព្រៃឈើទាំងនោះ គឺស្ថិតក្បែរផ្លូវព្រះនរោត្តម ចម្ងាយពីប៉ុស្តិ៍កាពារព្រំដែនអូររ៉ូជាង ០៣គីឡូម៉ែត្រ និងស្ថិតក្នុងដែនសមត្ថកិច្ច របស់ដែនជម្រកសត្វព្រៃស្រែពកផងដែរ។

លោកបន្តថា ឈើដែលសមត្ថកិច្ចជំនាញ រឹបអូសនៅពេលនេះ មានចំនួន ២៣៧កំណាត់ រួមមាន៖ ឈើសុក្រំចំនួន ២៣២កំណាត់, ខ្វាវ ០៤​​កំណាត់ និងធ្មៀរ ០៣កំណាត់ រួមទាំងវត្ថុតាង ០១ចំនួន។

​កំណាត់ឈើទាំង ២៣៧ដុំខាងលើនេះ សមត្ថកិច្ច បានបញ្ជាក់ថា នឹង​ប្រើប្រាស់ម៉ូតូ សម្រាប់ជាមធ្យោបាយ ដឹកយកវត្ថុតាងឈើដុំទាំងនោះ ​ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលអូររ៉ូ ដើម្បីចងក្រងសំណុំរឿងតាមច្បាប់ ស្តីអំពីតំបន់កាពារធម្មជាតិ។

ចំពោះបទល្មើសព្រៃឈើនេះដែរ ​ប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌលគិរី បានផ្តល់ព័ត៌មានឲ្យអ្នកកាសែតដឹងថា អាជ្ញាធរដែលគ្រប់គ្រង់ នៅតាមតំបន់ ឬចំណុចមានបទល្មើសខាងលើ ទំនងជាសុីដាច់លុយកាក់ កូនចៅក្រោមឱវាទហើយមើលទៅ ទើបបណ្តាល​ឲ្យបទល្មើសព្រៃឈើ និងការស្តុកឈើបម្រុងនាំចេញទៅក្រៅប្រទេសនេះ​ត្រូវបានបែកធ្លាយដល់សមត្ថកិច្ចជំនាញ។ ​

យ៉ាងនេះក្តី សម្រាប់ព័ត៌មានលម្អិត ត្រូវរង់ចាំមន្ត្រីថ្នាក់ដឹកនាំ នៅតាម​អង្គភាពដែនជម្រកសត្វព្រៃស្រែពក និងមេបញ្ជាការវរៈការពារព្រំដែន៣០៣ ​បកស្រាយបំភ្លឺអំពីបទល្មើស​ឈើ ដែលឈ្មួញឈើបាននាំយកមកលាក់ទុកចំនួន ២៣៧ដុំ នៅក្បែរព្រំដែនកម្ពុជាវៀតណាម នាខេត្តមណ្ឌលគិរី ទើបយកជាការបាន។

យ៉ាងណាក៏ដោយចុះ គិតមកត្រឹមល្ងាចថ្ងៃចន្ទ ទី​២៥ ខែមករា ឆ្នាំ​២០២១នេះ គេហទំព័រ កម្ពុជាថ្ងៃនេះ នៅមិនទាន់អាច​ទាក់ទង លោក ប៉ែត ភត្រា នាយកដែនជម្រកសត្វព្រៃស្រែពក និងលោកទិន សុីន មេបញ្ជាការវរៈកាពារព្រំដែនលេខ៣០៣ ដើម្បីបកស្រាយបំភ្លឺជុំវិញ ការប្រទះ​ឃើញឈើមូលប្រណិតចំនួន ២៣៧ដុំ ដែលឈ្មួញ បាន​មកលាក់ទុកនៅចន្លោះអូររ៉ូ និងម្រើច ស្ថិតក្នុងភូមិសាស្ត្រភូមិកោះម្យើលលើ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី និយាមការលេខ ០៧៧៥៣៥៥-១៤៥៥៩១៤ លើដែនសមត្ថកិច្ចដែនជម្រកសត្វព្រៃស្រែពក និងវរៈកាពារព្រំដែន៣០៣​ បាននៅឡើយទេ៕ ដោយ៖ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង