សមត្ថកិច្ចបញ្ជូនជនសង្ស័យ៤នាក់ ទៅកាន់តុលាការពាក់ព័ន្ធករណីបង្ករបួសស្នាម នៅភូមិឬទ្ធី២ ឃុំកែវផុស..

ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីរសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ បានបញ្ជូនខ្លួនជនសង្ស័យចំនួន ០៤នាក់ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីបង្ករបួសស្នាម នៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ ទាំង ០៤នាក់រួមមាន៖

១- ឈ្មោះ ចាន់ សារឿន ហៅ ហិ ជាមេក្លោង បច្ចុប្បន្នស្នាក់នៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

២- ឈ្មោះ ជួរ វុធ ភេទប្រុស បច្ចុប្បន្នស្នាក់នៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

៣- ឈ្មោះ ជួរ ឌុយ ភេទប្រុស បច្ចុប្បន្នស្នាក់នៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

៤- ឈ្មោះ សោយ ជឿន ភេទប្រុស បច្ចុប្បន្នស្នាក់នៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមរម្លឹកថា ជនសង្ស័យទាំង ០៤នាក់ ត្រូវបានឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ដោយប៉ុស្តិ៍រដ្ឋបាលឃុំកែវផុស ស្រុកស្ទឹងហាវ បន្ទាប់ពីមានពាក្យបណ្តឹងថា ក្រុមជនសង្ស័យមានគ្នាជាង ១០នាក់ បានធ្វើសកម្មភាពវាយរបងថ្មអ្នកដ៏ទៃ ក្នុងគោលបំណងចូលសាងសង់ផ្ទះធ្វើជាកម្មសិទ្ធិ របស់ខ្លួន និងឈានដល់ការទាញដំបង ពូថៅ និងកាំបិត ដេញវាយភាគីម្ចាស់ដី បណ្តាលអោយរងរបួសថែមទៀតផង។

បើតាមជនរងគ្រោះ ឈ្មោះ ស្នា ភេទប្រុស បានអោយដឹងថា នៅពេលកើតហេតុ មានមនុស្សមួយក្រុមដែលដឹកនាំដោយឈ្មោះ ចាន់ សារឿន ហៅ ហិ បានមកវាយរបងថ្ម របស់គាត់ និងរបងពលរដ្ឋផ្សេងទៀតនៅជាប់នោះ អស់ជាច្រើនដើម រួមទាំងសាងសង់ខ្ទមបានចំនួនពីរ ហើយពួកគាត់បានទៅហាមឃាត់ តែក៏ត្រូវក្រុមជនបង្កវាយមកលើរូបគាត់យ៉ាងចាស់ដៃ តែត្រូវបានអ្នកជិតនោះមកជួយទាន់ ទើបមិនគ្រោះថ្នាក់ដល់អាយុជីវិត។

ចំណែកសាក្សីឈ្មោះ ធូរ ជាអ្នកជិតខាងជនរងគ្រោះ ក៏ជាអ្នកត្រូវជនបង្កដេញកាប់ផងដែរនោះ បានអោយដឹងថា ក្រុមនេះមានឈ្មោះល្បីខាងដើរអុកឡុក អនាធិបតេយ្យដីធ្លី ដោយប្រមូលផ្តុំមនុស្សមកពីខាងក្រៅភូមិ (ពីកោះកុង និងមកពីតំបន់រាម) ហើយក្រុមនេះតែងតែធ្វើសកម្មភាពចូលកាន់កាប់ និងវាយរបងថ្មដីអ្នកដ៏ទៃ ណាដែលពុំមានម្ចាស់ចាំ ហើយចាប់ផ្តើមសង់ខ្ទមធ្វើជារបស់ខ្លួន។

លោកបន្តថា កន្លងមក ប្រជាពលរដ្ឋដែលត្រូវក្រុមនេះរំលោភបំពានក៏បានប្តឹងសមត្ថកិច្ចជាច្រើនលើកច្រើនសារដែរ តែពុំឃើញមានចំណាត់ការអ្វីទាល់តែសោះ ដោយបណ្តោយឲ្យក្រុមនេះធ្វើសកម្មភាពយ៉ាងអនាធិបេតយ្យ ហាក់ដូចមានបុគ្គលមានអំណាចនៅពីក្រោយខ្នង ធ្វើទាំងមិនញរញើតសមត្ថកិច្ចមូលដ្ឋាន ហើយពលរដ្ឋនៅទីនោះកំពុងតែមានការព្រួយបារម្ភពីសុវត្ថិភាព របស់ខ្លួន៕

ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង