នគរបាលប៉ុស្តិ៍​ត្រើយ​ស្លា​ បាន​ចុះអប់រំ និង​ធ្វើ​កិច្ចសន្យា​ បញ្ឈប់បើក​លេងល្បែង​ស៊ីសងជល់​មាន់​ តាម​ទូរទស្សន៍​

រាជធានីភ្នំពេញ៖ ​ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ មាន​កិត្តិយស​សូម​ធ្វើការ​ឆ្លើយ​តប​ ទៅ​នឹង​ប្រជាពលរដ្ឋ​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រាយការណ៍​ ចូល​ក្នុង​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ មាន​ខ្លឹមសារ​ថា​៖​ នៅ​ម្តុំ​ជិត​ផ្សារ​ត្រើយ​ស្លា​លេងល្បែង​ជល់​មាន់​តាម​ទូរទស្សន៍​មួយ​កន្លែង​មាន​មនុស្ស​ច្រើន​ណាស់​ ឆ្ងាយ​ពី​ប៉ុស្តិ៍​ត្រើយ​ស្លា​ ៤០ម៉ែត្រ។

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ លោក​អធិការ​នគរបាល​ស្រុក​ស្អាង​ បាន​បញ្ជា​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រើយ​ស្លា​ ឲ្យ​ចុះ​ស្រាវជ្រាវ​រក​ករណី​ខាងលើ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​។​

​ជា​លទ្ធផល​ នៅ​ថ្ងៃ​ចន្ទ​ ទី​២៥​ ខែមករា​ ឆ្នាំ​២០២១​នេះ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រើយ​ស្លា​ បាន​ស្រាវជ្រាវ​រក​ឃើញ​ទីតាំង​លក់​កាហ្វេ​ នៅ​ជិត​ផ្សារ​ព្រែក​តា​ឃ្លោក​ ផ្ទះ​ឈ្មោះ​ លី​ ហាក់​ ភេទ​ប្រុស​ អាយុ​ ៤៦​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ ជា​ លី​ខេ​ង​ មាន​ទីលំនៅ​ភូមិ​ថ្កុ​ល​ ឃុំ​ត្រើយ​ស្លា​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​។

​ចំពោះ​ម្ចាស់​ទីតាំង​ខាងលើ​ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រើយ​ស្លា​ បាន​ធ្វើការ​អប់រំ​ ណែនាំ​ និង​ធ្វើ​កិច្ចសន្យា​ ឲ្យ​បញ្ឈប់​ការ​បើក​លេងល្បែង​ស៊ីសង​ជល់​មាន់​តាម​ (video​ online)​ ចាប់ពី​ថ្ងៃ​ធ្វើ​កិច្ចសន្យា​នេះ​តទៅ​។​

អាស្រ័យ​ហេតុនេះ​ សូម​សាធារណជន​ ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​មេត្តា​ជ្រាប​ និង​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​ មាន​សុវត្ថិភាព​ របស់​រាជរដ្ឋាភិបាល​ ដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាព៕

ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង