គ្រោះថ្នាក់ចរាចរណ៍កើតឡើងទៀតហើយ តាមផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា កាលពីម៉ោង ១១យប់ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ ​មានគ្រោះថ្នាក់ចរាចរណ៍មួយករណី បានកើតឡើង រវាងរថយន្ត បុកប៉ះជាមួយរថយន្ត បើកបរក្នុងទិសដៅបញ្ច្រាស់គ្នា តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧៧-១៧៨ ស្ថិតនៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្តិកិច្ច បានឲ្យដឹងបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើង​ដោយរថយន្ត ០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាក​លេខ​ព្រះសីហនុ 3A-7507 ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ អ្នកបើកបរឈ្មោះ សុខ ផុន ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបញ្ជាក់ថា រថយន្តបង្កខាងលើនេះ លុះបើកមកដល់ចំណុចខាងលើ បាន​បើក​​រថយន្តមិនប្រកាន់ស្តាំ រួចក៏បុករថយន្ត ០១គ្រឿងម៉ាក HYUNDAI ពណ៌ស-ខៀវ ពាក់ផ្លាកលេខភ្នំពេញ 3A-4468 ដែលមាន​ទិសផ្ទុយគ្នា ចតទុកស្ងៀម។ រថយន្តនេះ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ហើយរុញមកបុករថយន្ត ០១គ្រឿងទៀតម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ 3D-8957 បើកបរដោយឈ្មោះ អ៊ុក រិទ្ធី ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលចតក្រោយរថយន្ត HYUNDAI ពាក់ផ្លាកលេខភ្នំពេញ 3A-4468​។

​សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះចរាចរណ៍ខាងលើនេះ បណ្តាលឲ្យរងរបួសធ្ងន់មនុស្សម្នាក់ ឈ្មោះ សុខ ផុន អ្នកបើកបររថយន្ត HYUNDAI 3A-7507​។

បច្ចុប្បន្ន វត្ថុតាងរថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីរង់ចាំរកដំណោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង