អ្នកបើកបរយានយន្ត ទាំងអស់ ត្រូវខ្លាចច្បាប់ គោរពច្បាប់ចរាចរណ៍ ជាជាងខ្លាចតែសមត្ថកិច្ចពេលបើកបរតាមដងផ្លូវ..

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី អ៉ី សុខា ស្នងការរងផែនការងារសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅរសៀលថ្ងៃទី​២៦ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងនគរបាលជំនាញ ចុះត្រួតពិនិត្យស្ថានភាពការធ្វើចរាចរណ៍ និងរឹតបន្តឹងអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក លើកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិអូរចំណារ ឃុំអូរឧញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​។

​លោក​​ថា ការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ពេលនេះ គឺផ្តោតជាសំខាន់ ទៅល្បឿនយានយន្ត, ត្រួតពិនិត្យជាតិស្រវឹង , ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត, ការពាក់មួកសុវត្ថិភាព, ការវ៉ាជែង និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបន្ថែម ដើម្បីកាត់​បន្ថយការគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក​។

​សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃជាប់ៗមកនេះ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាបន្តបន្ទាប់បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ ហើយអ្នកដែលរងគ្រោះច្រើន គឺជាអ្នកប្រើប្រាស់ម៉ូតូ។

ចំណែក លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ​ធ្លាប់មានប្រសាសន៍ជាសារអប់រំដល់អ្នកប្រើប្រាស់ផ្លូវ ឬអ្នកបើកបរយានយន្តគ្រប់ប្រភេទថា «អ្នកបើកបរយានយន្ត ទាំងអស់ ត្រូវខ្លាចច្បាប់ គោរពច្បាប់ចរាចរណ៍ ជាជាងខ្លាចតែសមត្ថកិច្ច ពេលបើកបរតាមដងផ្លូវ ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍»៕

អត្ថបទដែលជាប់ទាក់ទង