បុរស​ម្នាក់បើកត្រាក់ទ័រ​​ភ្ជួរ​ដីចម្ការ​ កិន​​​មីនតោន​​ផ្ទុះខូចត្រាក់ទ័រស្ទើរទាំងស្រុង​ សំណាងល្អមិនគ្រោះថ្នាក់ដល់​អ្នកបើកបរ

​ខេត្តបាត់ដំបង​​៖​ សមត្ថកិច្ចនគរបាលស្រុកសំពៅលូន បានឲ្យដឹងថា នៅ​ម៉ោង ១០ និង៣០នាទី ព្រឹក​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០២១​ ​នៅ​ចំណុច​ភូមិ​ស្រះ​ចក​ ឃុំ​សន្តិភាព​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ មាន​ករណី​ផ្ទុះ​មីនតោន​ ខណៈ​បុរស​ជា​អ្នកស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ភ្ជួរដីចម្ការ​ឱ្យ​គេ​ ឈ្មោះ​ ឌុ​ល​ គង់​ ភេទ​ប្រុស​ អាយុ ​៤៥​ឆ្នាំ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អូរ​កណ្ដោល​ ឃុំ​សន្តិភាព​ ស្រុក​សំពៅ​លូន នៅគ្រា​​កំពុង​បើកបរ​ត្រាក់ទ័រ​ភ្ជួរដីចម្ការ​មួយ​កន្លែង​ជា ​របស់​ឈ្មោះ​ ពៅ​ គឹ​ម​ហ៊ា​ង​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ រស់នៅ​រាជធានី​ភ្នំពេញ​ ហើយ​កង់​ក្រោយ​ត្រាក់ទ័រ​ បាន​កិន​ចំ​លើ​មីនតោន​មួយ​គ្រាប់ ​ដែល​កប់​​ក្នុង​ដី​តាំងពី​សម័យ​សង្គ្រាម​ បណ្តាល​ឱ្យ​ផ្ទុះ​ឡើង​យ៉ាង​កក្រើក​ដី​ និង​បណ្តាល​ឱ្យ​ខូ​ខាត​ត្រាក់ទ័រ​ស្ទើរ​ទាំងស្រុង​។​

ក្រោយ​កើតហេតុ​នេះភ្លាមៗ​ ជន​រង​គ្រោះ ​ត្រូវ​បាន​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ ស្រុក​សំពៅ​លូន​ ហើយ​រហូត​ដល់​ពេល​នេះ​ ស្ថានភាព​ជន​រង​គ្រោះ​បាន​ល្អ​ប្រសើរ​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត​ហើយ​។​

ទាក់ទិនបញ្ហានេះ ​លោក​វរសេនីយ៍ឯក​ ពេជ្រ​ សា​រ៉ែ​ន​ អធិការ​នគរបាល​ស្រុក​សំពៅ​លូន​ បាន​ឲ្យដឹងថា​ ដីចម្ការ​ដែល​កើត​ឧប្បត្តិហេតុ​ផ្ទុះ​មីនតោន​​នេះ​ គឺជា​ដីចម្ការ​ដែល​ម្ចាស់​គាត់​បាន​ភ្ជួរ​រាស់​ដាំ​ដំណាំ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ មិន​ដែល​មាន​ឧបទ្ទវហេតុ​បែប​នេះ​ទេ​ ទើបតែ​ពេល​នេះ ​ក៏​ជួប​ប្រទះ​នូវ​ឧប្បត្តិហេតុ​បែប​នេះ​តែ​ម្តង​។​

​សូម​ជម្រាប​ជូន​ថា​ ទឹកដី​ព្រំដែន​ គឺជា​ទីតាំង​សមរភូមិ​សង្គ្រាម​ប្រយុទ្ធ​គ្នា ​រវាង​គា​គី​ខ្មែរ​ពី​អតីតកាល​ ហើយ​ទីនោះ​នៅ​បន្សល់​ទុក​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​កប់​នៅ​ក្នុង​ដី​ និង​នៅ​លើ​ដី​នៅឡើយ​​។​ យូរៗ​ម្តង​ឧបទ្ទវហេតុ ​ដែល​បង្ក​ដោយ​យុទ្ធ​ភ័​ណ្ឌ​ទាំងនេះ​ តែង​បង្ក​ឱ្យ​កើត ​នូវ​សោកនាដកម្ម​ដល់​អាយុជីវិត​មនុស្ស​ និង​អន្តរាយ​ទ្រព្យសម្បត្តិ​ទៀត​ផង​៕


ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង