ម៉ូតូធំៗរាប់រយគ្រឿង ដែលកែឆ្នៃបំពងស៊ីមាំងបំពងកសំឡេងរំខាន ត្រូវ​នគរបាលឃាត់ និងតម្រូវឲ្យម្ចាស់ធ្វើកិច្ចសន្យា

រាជធានីភ្នំពេញ​៖ សមត្ថកិច្ចនគរបាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ម៉ូតូធំៗរាប់រយគ្រឿង ដែលបានបំពងសំឡេងរំខានដល់ការរស់នៅបងប្អូនប្រជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញ ត្រូវបាននគរបាល​ចាប់ឃាត់ទុក ហើយតម្រូវឲ្យម្ចាស់ម៉ូតូទាំងនោះ ដោះស៊ីម៉ាំងកែឆ្នៃទាំងនោះចោល និងធ្វើកិច្ចសន្យា បន្ទាប់មកអនុញ្ញាតឲ្យពួកគេនាំយកត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែប្រសិនបើម្ចាស់ទាំងនោះ មិនព្រមធ្វើតាមកិច្ចសន្យាទេ នឹងត្រូវពិន័យយ៉ាងធ្ងន់ធ្ងរ។

សកម្មភាពចុះប្រតិបត្តិការណ៍ត្រួតពិនិត្យ​ម៉ូតូធំៗទាំងនោះ គឺបានធ្វើឡើងបន្ទាប់ពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំទៅដល់នគរបាលខណ្ឌទាំង១៤ ត្រូវលុបបំបាត់ឲ្យបាន ចំពោះសកម្មភាព នៃការប្រើប្រាស់មធ្យោបាយ ដែលបានកែច្នៃបំពង់ស៊ីម៉ាំង នៅលើដងផ្លូវសាធារណៈ ដើម្បីធានានូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ដើម្បីរួមចំណែករក្សាបរិស្ថានសង្គមឲ្យមានភាពល្អប្រសើរ។

ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពី​ការលុបបំបាត់ការបង្កសំឡេងរំខានលើសកម្រិត ដោយយានយន្តគ្រប់ប្រភេទ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បានស្នើដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវ ប្រកាន់នូវឥរិយាបថ និងក្រមសីលធម៌ ប្រកបដោយវិជ្ជាជីវៈ ជៀសវាងការប្រើប្រាស់តួនាទីបង្កបញ្ហាធ្វើឲ្យមានការថ្នាំងថ្នាក់ និងប្រតិកម្មពីប្រជាពលរដ្ឋអំឡុងពេលបំពេញភារកិច្ច។

ព្រមជាមួយគ្នានេះ លោក ស ថេង ក៏បានណែនាំដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវប្រើប្រាស់កម្លាំងភ្នាក់ងារ កម្លាំងមហាជនល្អតាមដានត្រួតពិនិត្យច្បាមទីតាំងយានដ្ឋាន និងកន្លែងកែច្នៃបំពង់ស៊ីម៉ាំងយានយន្ត ដោយណែនាំឲ្យថតជាសម្ងាត់ នូវរូបភាពសកម្មភាពទុកជាឯកសារ ភស្តុតាងបម្រើឲ្យការអនុវត្តនីតិវិធី ហើយត្រូវតំឡើងបញ្ជីទិន្នន័យអត្តសញ្ញាណម្ចាស់យាន្តដ្ឋាន ឬទីតាំងកែច្នៃបំពង់ស៊ីម៉ាំងយានយន្តខុសលក្ខណៈបច្ចេកទេស ចងក្រងជាសាលាកប័ត្រព័ត៌មាន និងកំណត់គោលដៅអាទិភាពសម្រាប់តាមដាន។

ជាងនេះទៀត ត្រូវសហការផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ពីខណ្ឌមួយទៅខណ្ឌមួយ នូវភិនភាគបុគ្គល ដែលប្រព្រឹត្តល្មើសអត្តសញ្ញាណយានយន្ត ដោយបញ្ជាក់ឲ្យបានលម្អិត ដែលបានរត់គេចវេសពីការត្រួតពិនិត្យរបស់សមត្ថកិច្ច ដោយរៀបចំសាលាកប័ត្រព័ត៌មាន ដើម្បីកត់ត្រាអត្តសញ្ញាណបុគ្គលប្រព្រឹត្តល្មើស ចេញបង្កាន់ដៃ ដកហូតមធ្យោបាយយានយន្ត រៀបចំលិខិតកិច្ចសន្យា លិខិតធានាពីអាណាព្យាបាល ឬលិខិតទទួលស្គាល់កំហុសឲ្យអ្នកប្រព្រឹត្តល្មើសបំពេញតាមលក្ខខណ្ឌ របស់សមត្ថកិច្ច ពេលកំណត់ចូលខ្លួនមកដោះស្រាយ ត្រូវភ្ជាប់ជាមួយ នូវអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋ ដើម្បីជាមូលដ្ឋានក្នុងការកំណត់បាននូវអាស័យដ្ឋានស្នាក់នៅអចិន្ត្រៃយ៍ របស់បុគ្គលនោះ។

សូមបញ្ជាក់ថា ការអនុវត្ត​ការណែនាំអប់រំ និង​ឃាត់ដើម្បីធ្វើការផាកពិន័យចំពោយានយន្ត ដែលកែច្នៃបង្កសំឡេង​រំខាននេះ សមត្ថ​កិច្ច នឹងធ្វើការសហការជាមួយក្រសួងបរិស្ថាន ដើម្បីប្រើប្រាស់ម៉ាស៊ីន ក្នុងការវាស់កម្រិតសំឡេង ដែលបង្កដោយយានយន្តគ្រប់ប្រភេទ។

ម្យ៉ាងវិញទៀត ចំពោះអ្នកប្រើប្រាស់យានយន្តកែច្នៃស៊ីមាំង នឹងត្រូវធ្វើការណែនាំអប់រំ ធ្វើការផាកពិន័យតាមច្បាប់​អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងនាំយកយានយន្តមករក្សាទុកនៅកន្លែងសមត្ថកិច្ច មិនឲ្យលើសរយៈពេល​០៣ថ្ងៃឡើយ៕

ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង