បង្ហាញមុខឃាតករ រំលោភសម្លាប់នារីម្នាក់ នៅស្រុកកោះកុង!

ខេត្តកោះកុង៖ ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ សមត្ថកិច្ចនគរបាលខេត្តកោះកុង បានបង្ហាញមុខជនសង្ស័យម្នាក់ លើករណី រំលោភសម្លាប់នារីម្នាក់ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចចំណោទដីខ្មៅ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះ អ៊ូ អារីហ្វីន ហៅ ហ៊ីម សាអាត ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម មានមុខរបរជាកម្មកររោងចក្រKKN1 រស់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បានជិះម៉ូតូឌុបស្តីរងគ្រោះឈ្មោះ ឆេង សាវី ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ KKN4 ទៅស្រុកកំណើតភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ។

សមត្ថកិច្ចបន្តថា ពេលដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យ ក៏បាននាំស្ត្រីរងគ្រោះទៅចំណុចកញ្ចុះ ដើម្បីល្បួងរំលោភរហូតបានសម្រេច ហើយបានច្របាច់.កស្រីរងគ្រោះ រហូតដាច់ខ្យល់ស្លាប់ បន្ទាប់មក ក៏យកអាវរិត.ក អូសទម្លាក់ចោលក្នុងព្រៃ រួចជិះម៉ូតូត្រឡប់មកផ្ទះនៅភូមិ៤វិញ។

ប្រភពឲ្យដឹងទៀតថា ក្រោយសមត្ថកិច្ច បើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតមកដល់រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ទើបឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកកាន់អធិការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីធ្វើការសាកសួរ និងអនុវត្តទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង