សមត្ថកិច្ចស្រុកស្ទឹងហាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីញុះញុង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ លើអចលនទ្រព្យរបស់រដ្ឋ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកស្ទឹងហាវ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីញុះញុង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ លើអចលនទ្រព្យ របស់រដ្ឋ ស្ថិតនៅចំណុចដីសម្បទានសង្គមកិច្ច ក្នុងក្រុម២១ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបន្តថា ជនសង្ស័យមានឈ្មោះ អឿន ម៉ាប់ អាយុ ៤១ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ មានស្រុកកំណើតភូមិខ្ទុំកណ្ដាល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។ បច្ចុប្បន្នស្នាក់នៅឃុំស្មាច់ដែង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចឲ្យដឹងបន្តថា ជនសង្ស័យខាងលើ ជាមេក្លោងនាំប្រជាពលរដ្ឋទៅចាប់ដីរដ្ឋយកធ្វើជាកម្មសិទ្ធិ នៅចំណុចដីសម្បទានសង្គមកិច្ច ក្នុងក្រុម២១ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

នៅពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ រថយន្ត ០១គ្រឿង ម៉ាក LANDROVER សេរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២W-២៧២៣ និងទូរស័ព្ទ ០១គ្រឿង។

បច្ចុប្បន្នកម្លាំងនគរបាលស្រុកស្ទឹងហាវ បានបញ្ជូនជនសង្ស័យមកការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង