នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនបក្ខពួកខ្មាន់កាំភ្លើងជនជាតិចិន៣នាក់ ដែលបាញ់សម្លាប់ចិនដូចគ្នា កាលពីថ្ងៃទី២១ ខែមករាបានហើយ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះថា បានឃាត់ខ្លួនខ្មាន់កាំភ្លើង និងបក្ខពួកជនជាតិចិន សរុបចំនួន ០៣នាក់ ដែលធ្វើសកម្មភាពបាញ់ប្រហារជនជាតិចិនដូចគ្នា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅក្រុងព្រះសីហនុនោះ បានហើយ។

ឃាតកម្មនេះ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវរយៈពេល ១០ម៉ោង ក្រោយហេតុការណ៍ ទើបឈានដល់ការឃាត់ខ្លួនជនដៃដល់ទាំងបីជាបន្តបន្ទាប់ ហើយក្នុងនោះសមត្ថកិច្ច ក៏បានរកឃើញវត្ថុតាងមួយចំនួនផងដែរ។

សូមរម្លឹកផងដែរថា កាលពីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បានបាញ់ប្រហារបុរសម្នាក់ ជាជនជាតិចិនដូចគ្នាបណ្ដាលឲ្យស្លាប់ នៅចំណុចមុខកាស៉ីណូ ជីយវនីសិន ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយជនរងគ្រោះ ជិះរថយន្ដមួយគ្រឿង ម៉ាក Rang Rover ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ ២AL-៩៤៥៩។

ចំណែកជនសង្ស័យ បន្ទាប់ពីបានធ្វើសកម្មភាពបាញ់ប្រហារ ទៅលើជនរងគ្រោះរួច ក៏បានជិះរថយន្ដមួយគ្រឿង ម៉ាក Ford Ranger Rapter ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ២BI-១៤១៣ យកទៅផ្លុងចោលនៅដីឡូត៍ ម្តុំឆ្នេរអូរឈើទាល២ (ឆ្នេរអារីស្តុន)។

បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅ សាលាដំបូងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ។

ចំណែកបក្ខពួកនៅសេសសល់មួយចំនួនទៀត សមត្ថកិច្ចខេត្តព្រះសីហនុ កំពុងធ្វើការស្រាវជ្រាវតាមជំនាញរៀងៗខ្លួន៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង