បុគ្គលិកផ្ទះសំណាក់ម្នាក់​ត្រូវ​ជនល្មើស២នាក់​សម្លាប់ សមត្ថកិច្ចសង្ស័យជាករណីឃាតកម្ម​ប្លន់យកទ្រព្យម្បត្តិ

​ខេត្តកណ្តាល៖ បុគ្គលិកផ្ទះសំណាក់ម្នាក់ ត្រូវបានជនល្មើស ០២នាក់ សម្លាប់បណ្តាលឲ្យស្លាប់នៅក្នុងផ្ទះ សំណាក់យីហោ ៣៦២ បន្ទប់លេខ៧ នៅវេលាម៉ោង ៥ និង៤៥នាទី ព្រឹក​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងនគរបាលខេត្តកណ្តាល បានឲ្យដឹងថា ជនរងគ្រោះក្នុងឃាតកម្មនេះ ឈ្មោះ ចាន់ សុខឃាង ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរបុគ្គលិកផ្ទះសំណាក់៣៦២ ជនជាតិខ្មែរ ស្នាក់នៅកន្លែងកើតហេតុ។ ម្តាយឈ្មោះ លន់ តាំងអេង ភេទស្រី អាយុ ៥៣ឆ្នាំ មុខរបរអនាម័យផ្ទះសំណាក់៣៦២ ទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ចំណែកជនសង្ស័យមានគ្នា ០២នាក់ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស រាងស្គម (គេចខ្លួន)។ រីឯសម្ភារបាត់បង់រួមមាន៖ ម៉ូតូ០១គ្រឿងម៉ាក Honda C125 ឆ្នាំ២០១៨ ផ្លាកលេខ ភ្នំពេញ1GP-6929 (របស់ម្ចាស់ផ្ទះសំណាក់),​ ទូរស័ព្ទ១គ្រឿងរបស់ជនរងគ្រោះ ម៉ាកVIVO ពណ៌ខៀវ។

វត្ថុតាងចាប់យក៖ ​កន្ទុយបារី ដែល​ជក់រួចហើយ ០២ដើម ពណ៌លឿង និងពណ៌ស,​ ស្រាបៀកំប៉ុងម៉ាក ANCHOR ០៤កំប៉ុង ផឹកអស់ ០២កំប៉ុង និងនៅសល់ ០២កំប៉ុង, ភេសជ្ជៈកូកាកូឡា ០២កំប៉ុងផឹករួច, ​អាវត្រណាត់ដៃវែងពណ៌ប្រផេះ ០១ របស់ជនសង្ស័យ។

លោកស្នងការរង បញ្ជាក់បន្តថា មុនពេលកើតហេតុ មានជនសង្ស័យ ០២នាក់ បាននាំគ្នាដើរមក​រកផ្ទះសំណាក់៣៦២ រួចហើយជួលបន្ទប់លេខ៧ ដេកស្នាក់នៅ តែខាងអ្នកមើលការខុសត្រូវ​ផ្ទះសំណាក់ មិនបានកត់ឈ្មោះ ឬទាមទារ យកអត្តសញ្ញាណប័ណ្ណសំគាល់ខ្លួនឡើយ។ រហូតមកដល់វេលាម៉ោង ០៣ និង៣០នាទី រំលងអាធ្រាត្រ ចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ជនសង្ស័យ បានហៅជនរងគ្រោះឲ្យចូលក្នុងបន្ទប់លេខ៧ ហើយនាំគ្នាចាប់សង្កត់ដៃជើង និងយកកន្សែងរឹតខ្ទប់មាត់រហូតដល់ដាច់ខ្យល់ស្លាប់ បន្ទាប់មកនាំគ្នាចេញពីបន្ទប់ រួចចាក់សោរ​បន្ទប់ពីក្រៅជាប់ ហើយនាំគ្នាកាត់សោរច្រវ៉ាក់ យកម៉ូតូរបស់ម្ចាស់ផ្ទះសំណាក់ជិះគេចខ្លួនបាត់ទៅ។

សមត្ថកិច្ចបន្តថា លុះព្រឹកឡើងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៥ និង៣០នាទី ឈ្មោះ អឿន សុជាតិ ភេទស្រី អាយុ ២៩ឆ្នាំ ដែលជាម្ទាស់ផ្ទះសំណាក់ បានក្រោកពីដំណេក ក៏ស្រាប់តែបាត់ម៉ូតូម៉ាក Honda C125 ឆ្នាំ២០១៨ ផ្លាកលេខ ភ្នំពេញ 1GP-6929 ដែលបានទុកមុខបន្ទប់ដេក ហើយស្រែកហៅជនរងគ្រោះ ដែលបុគ្គលិកធ្វើការផ្ទះសំណាក់ តែមិនឃើញឃើញឆ្លើយតប រួចក៏បានឆែតកាមេរ៉ាសុវត្ថិភាព ហើយឃើញ​ជនសង្ស័យ ០២នាក់ ដែលមកស្នាក់នៅបន្ទប់លេខ៧ បាននាំគ្នាកាត់សោរច្រវ៉ាក់ម៉ូតូ លួចយកទៅបាត់។ បន្ទាប់មកក៏បានទៅមើលបន្ទប់លេខ៧ ឃើញចាក់សោរជាប់ រួចក៏បានយកកូន​សោរមកចាក់ ចូលមើលក្នុងបន្ទប់ ទើបឃើញជនរងគ្រោះដេក ដេកស្លាប់លើគ្រែ ដោយមានកន្សែងចងរុំមុខ និងយកខ្នើយដាក់ពីលើមុខ បន្ទាប់ក្រោយមកម្ចាស់ផ្ទះសំណាក់ ក៏បានរាយការណ៍ប្តឹងសមត្ថកិច្ច ចុះមកពិនិត្យដល់កន្លែងកើតហេតុ។

លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងនគរបាលខេត្តកណ្តាល ​បញ្ជាក់បន្ថែមថា តាម​​ការពិនិត្យ របស់សមត្ថកិច្ច​និងលោកគ្រូពេទ្យជំនាញ ជនរងគ្រោះស្លាប់ដោយសារអំពើ​ឃាតកម្ម ប្លន់យកទ្រព្យម្បត្តិ(ម៉ូតូ)។

បច្ចុប្បន្ន សពជនរងគ្រោះបានប្រគល់ជូន ម្តាយជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំពោះឃាតកម្មនេះ សមត្ថកិច្ចជំនាញ កំពុងស្វែងរកចាប់ខ្លួន​ក្រុមជនល្មើស ដើម្បីនាំ​យកមផ្តន្ទាទោសតាមផ្លូវច្បាប់​៕

ប្រពភ៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង