លែងអណ្តើកហ្លួង ឬអណ្តើកសរសៃ ចំនួន ១០ក្បាល ដែលជាប្រភេទសត្វជិតផុតពូជ ចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២១ អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) និងនាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយឧទ្យានសត្វព្រៃសឹង្ហបុរី (Wildlife Reserves Singapore-WRS) បានលែងអណ្តើកហ្លួង ឬអណ្តើកសរសៃ ចំនួន ១០ក្បាល ដែលជាប្រភេទសត្វជិតផុតពូជបំផុត ចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល ស្ថិតក្នុងឃុំចំការហ្លួង ស្រុកកំពុងសីលា ខេត្តព្រះសីហនុ។

ពិធីនេះ ធ្វើឡើងក្រោមគម្រោងមួយ ដែលគាំទ្ររួមគ្នាដោយសហភាពអឺរ៉ុប(EU), ឧទ្យានសត្វព្រៃWRS, Rainforest Trust, US Forest Service និង TSA ហើយគម្រោង នេះអនុវត្តដោយអង្គការ WCS ប្រចាំកម្ពុជា សហការជាមួយរដ្ឋបាលជលផលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ការលែងអណ្តើកហ្លួងនេះ គឺជាលទ្ធផល នៃកិច្ចប្រឹងប្រែងរយៈពេលជិតពីរទសវត្សរ៍ ក្នុងការការពារសំបុកអណ្តើក ការយកចិត្តទុក ដាក់មើលថែទាំកូនអណ្តើកទាំងអស់នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង និងការ ការពារសត្វអណ្តើកនៅក្នុងសហគមន៍តាមដងព្រែកស្រែអំបិល ដែលគាំទ្រដោយ WRS និងដៃគូមួយចំនួនទៀត។

មន្ត្រីអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) បញ្ជាក់ថា ចំពោះការលែងលើកនេះ គឺជាការលែងអណ្តើកហ្លួងលើកទី០៥ ចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល បន្ទាប់ពីការលែងចំនួន ០៤លើក ជាបន្តបន្ទាប់ ចាប់ពីឆ្នាំ២០១៥មក សរុប មានចំនួន ៩៦ក្បាល។

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានមានប្រសាសន៍ សាទរយ៉ាងចំពោះការចូលរួមពីអាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន បងប្អូនជាប្រជាពលរដ្ឋ និងជាពិសេស អង្គការ WCS ដែលបាននិងកំពុងស្តារប្រភេទ ដែលកំពុងរងគ្រោះនេះ ឲ្យមានវត្តមាន ក្នុងដែនទឹកធម្មជាតិនេះឡើងវិញ។

លោក អ៊ុក វិបុល ក៏បានស្នើឲ្យភាគីពាក់ព័ន្ធបន្តកិច្ចការស្តារប្រភេទអណ្តើកនេះ ព្រមទាំងក្រើនរំលឹកដល់ជនល្មើសមួយចំនួន ដែលនៅតែបន្តជួញដូរប្រភេទសត្វនេះ នឹងត្រូវទទួលទោសចំពោះមុខច្បាប់។

លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្តើកហ្លួង នៃអង្គការWCS បានថ្លែងថា អណ្តើកហ្លួងទាំង ១០ក្បាល (ឬហៅតាមឈ្មោះវិទ្យាសាស្ត្រថា Southern River Terrapin (Batagur affinis) ដែលបានលែងនៅថ្ងៃនេះ ត្រូវបានក្រុមអភិរក្សប្រមូលយកក្រោយពីវាបានញាស់ នៅក្នុងសំបុករបស់វានៅតាមដងព្រែកស្រែអំបិល និងព្រែកកំពុងលើ ស្ថិតក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ ចន្លោះពីឆ្នាំ២០០៦ ដល់ ២០១៥ បន្ទាប់មកបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង ដែលស្ថិតនៅភូមិទួលគរគី ឃុំទួលគរគី ស្រុកមណ្ឌលសីមា ចម្ងាយប្រមាណ ១៥គ.ម ភាគអាគ្នេយ៍ក្រុងកោះកុង ដើម្បីចិញ្ចឹមថែទាំឲ្យធំលូតលាស់ មុននឹងលែងចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញ។

អណ្តើកប្រភេទនេះ ស្ថិតក្នុងប្រភេទអណ្តើក ទឹកសាបនិងអណ្តើកគោកចំនួន ២៥ប្រភេទដែលជិតផុតពូជនៅលើពិភពលោក។ ប្រភេទអណ្តើកនេះ ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហម របស់អង្គការ IUCN ថាជាប្រភេទអណ្តើកជិតផុតពូជបំផុត និងត្រូវបានចាត់ទុកជាប្រភេទល្មូនតំណាងឲ្យប្រទេសកម្ពុជា ដែលបានកំណត់ក្នុងព្រះរាជក្រិតឆ្នាំ២០០៥៕

 

អត្ថបទដែលជាប់ទាក់ទង