ថ្ងៃទី២៨ ខែមករានេះ លោក កឹម សុខា ទទួលជួប ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក

រាជធានីភ្នំពេញ៖ ជាការចាប់ផ្តើមនៃឆ្នាំថ្មី បន្ទាប់ពីជួបតំណាងប្រទេសមហាអំណាចទ្វីបអឺរ៉ុប កាកពីដើមសប្តាហ៍នេះ, ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានទទួលជួប ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក នៅគេហដ្ឋានរបស់គាត់ នាទីក្រុងភ្នំពេញ។

នាឱកាសនោះ លោក កឹម សុខា បានបង្ហាញអារម្ភរីករាយ ដែលបានជួបជាមួយ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ដែលជាតំណាងប្រទេសមហាអំណាចជាមិត្តចាស់ របស់កម្ពុជា។

 

ជាងនេះទៀត សហរដ្ឋអាមេរិក ក៏ទើបតែមានប្រធានាធិបតីថ្មី រដ្ឋាភិបាលថ្មី ទើបចូលកាន់តំណែងកាលពីប៉ុន្មានសប្តាហ៍មុននេះ។

នៅក្នុងជំនួបនោះ លោក កឹម សុខា បានសម្តែងការអបអរសាទរ និងជូនពរ លោកប្រធានាធិបតី Joe Biden ឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងការដឹកនាំ ដើម្បីជាប្រយោជន៍ របស់ប្រជាពលរដ្ឋអាមេរិក និងជាពិសេសក្នុងការលើកស្ទួយសិទ្ធិសេរីភាព និងប្រជាធិបតេយ្យ ក្នុងពិភពលោក ដែលជាគុណតម្លៃរបស់សហរដ្ឋអាមេរិកផងដែរ។

នៅក្នុងជំនួបនោះដែរនេះ ភាគីទាំងពីរ ក៏បានស្វែងយល់ និងពិភាក្សាគ្នាអំពីទំនាក់ទំនង រវាងកម្ពុជា និងសហរដ្ឋអាមេរិក កន្លងមក និងទៅអនាគត ជាពិសេសសម្រាប់រដ្ឋបាលថ្មី របស់អាមេរិក តើនឹងអាចមានអ្វីថ្មី?។

ជាងនេះទៀត លោក កឹម សុខា ក៏បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋ និងរដ្ឋាភិបាលអាមេរិក ដែលបានជួយដល់ប្រជាពលរដ្ឋខ្មែរកន្លងមក និងពេលបច្ចុប្បន្ន។

លោក កឹម សុខា សង្ឃឹមថា ទៅអនាគត សហរដ្ឋអាមេរិក នឹងបន្តជួយលើកស្ទួយលើវិស័យនានា ដូចជា៖ វិស័យអប់រំ សុខាភិបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេស ដោយផ្សាភ្ជាប់ជីវភាពរស់នៅ និង សិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋខ្មែរ ឲ្យបានប្រសើរឡើង។

បន្ថែមលើនេះ លោក កឹម សុខា ក៏បានអរគុណ ដល់សហរដ្ឋអាមេរិក តាមរយៈឯកអគ្គរដ្ឋទូតមុនៗ ក៏ដូចជា លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បច្ចុប្បន្ននេះ ដែលទទួលស្គាល់ នូវគុណតម្លៃរបស់លោក ក្នុងការងារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ព្រមទាំងគោលជំហរ របស់លោក ដែលប្រកាន់ខ្ជាប់ នូវគោលការណ៍អហិង្សា ការអត់ធ្មត់ និងតែងតែស្វែងរកដំណោះស្រាយបញ្ហានានាដោយសន្តិវិធី ដើម្បីបម្រើផលប្រយោជន៍ របស់ប្រជាពលរដ្ឋខ្មែរ។

ជាក់ស្តែងក្នុងពេលថ្មីៗនេះ ទោះបីរូបលោក មិនមានសិទ្ធិសេរីភាពពេញលេញក៏ដោយ ក៏រូបលោក នៅតែខ្វាយខ្វល់ ចុះទៅជួប និងជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះ តាមលទ្ធភាព និងឱកាសដែលអាចធ្វើបាន ដូចដែលសាធារណៈជន ក៏ដូចជាអ្នកការទូតនានា បានតាមដានឃើញស្រាប់៕

អត្ថបទដែលជាប់ទាក់ទង