មហាសន្និបាតបូកសរុបការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១

ខេត្តព្រះសីហនុ៖ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានរៀបចំមហាសន្និបាតបូកសរុបការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា រួមជាមួយ លោក វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងលោក លោកស្រី អនុប្រធាន សមាជិក សមាជិកា នៃសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ជាច្រើនរូបផងដែរ។

លោក វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានអានរបាយការណ៍ដោយលើកឡើងថា បើទោះបីជាស្ថិតក្នុងស្ថានភាពជំងឺកូវីដ-១៩ ដែលធ្វើឲ្យមានការកែប្រែបែបបទ នៃការរស់នៅ ក៏ដូចជាការធ្វើការងារក្តី តែសភាពាណិជ្ជកម្ម នៅតែបានបំពេញតួនាទីរបស់ខ្លួន បានយ៉ាងល្អសម្រាប់ការជួយជំរុញ លើកកម្ពស់ការអភិវឌ្ឍន៍វិស័យឯកជន កិច្ចការដែលបានធ្វើកន្លងមក ជារួមសភាពាណិជ្ជកម្មខេត្តជ្រើសរើសបានសមាជិក ៧០នាក់បន្ថែម ស្មើរនឹង ២៣% នៃផែនការ ហើយការបណ្តុះបណ្តាលធនធានមនុស្ស បានរៀបចំសិក្ខាសាលាចំនួនពីរលើក គឺ ការទទួលបានហិរញ្ញវប្បទាន របស់សហគ្រាសធុនតូច និងមធ្យម និង សិក្ខាសាលា អភិវឌ្ឍន៍ផ្លូវចិត្តសហគ្រិន។

សម្រាប់កិច្ចទំនាក់ទំនងជាតិ និងអន្តរជាតិ បានធ្វើការជាមួយ អង្គការ (ICC) សម្រាប់កិច្ចសម្រួលឱ្យសមាជិកទទួលបាន ទុនវិនិយោគបន្ថែមដោយអត្រាការប្រាក់ទាប និងគ្មានវត្ថុបញ្ចាំ សហការណ៍ជាមួយភ្នាក់ងារជំរុញការវិនិយោគ និងពាណិជ្ជកម្មកូរ៉េ សម្រាប់ទាក់ទាញអ្នកវិនិយោគកូរ៉េមក ខេត្តព្រះសីហនុ ក៏ដូចជាត្រួសត្រាយផ្លូវនាំសមាជិកទៅធ្វើទស្សនៈកិច្ចសិក្សានៅប្រទេសកូរ៉េនាពេលខាងមុខ ពេលបញ្ហាជំងឺកូវីដ-១៩ ត្រូវបានដោះស្រាយចប់ លើសពីនេះសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុក៏បានធ្វើការទំនាក់ទំនងជាមួយស្ថានទូត ប្រចាំនៅកម្ពុជាយ៉ាងជិតស្និតក្នុងនោះរួមមានស្ថានទូតអាមេរិក សិង្ហាបុរី ថៃ វៀតណាម។ល។

លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍កោតសរសើរ ចំពោះសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដែលបានខិតខំក្នុងការទំនាក់ទំនងកៀងគរអ្នកវិនិយោគ អាជីវកម្មទាំងជាតិ និងអន្តរជាតិ ដើម្បីមកបណ្ដាក់ទុនប្រកបអាជីវកម្ម នៅក្នុងខេត្តព្រះសីហនុ ដើម្បីបង្កើនទំនាក់ទំនងឲ្យបងប្អូន អាជីវករនៅក្នុងខេត្ត បានមានឱកាសក្នុងការបង្កើតការងារ បានច្រើននៅពេលបច្ចុប្បន្ននេះ។

លោក ម៉ៅ ថូរ៉ា បន្តថា ក្រៅពីកិច្ចការជួយដល់ការអភិវឌ្ឍនវិស័យឯកជនហើយ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ ក៏មិនភ្លេចនូវសកម្មភាពមនុស្សធម៌ផងដែរ តាមរយៈការចូលរួមចំណែកជាវិភាគទានតាមធនធានដែលខ្លួនជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដូចជាការជួយជនរងគ្រោះ ដោយសារទឹកជំនន់ បញ្ហាជំងឺកូវីដ-១៩ជាដើម។ ហើយទិសដៅនៅក្នុងឆ្នាំ ២០២១ នេះសភាពាណិជ្ជកម្មខេត្តព្រះសីហនុសង្ឃឹមថានឹង បង្កើនវឌ្ឍនភាពតាមរយៈការទំនាក់ទំនងកៀងគរអ្នកវិនិយោគមកបណ្ដាក់ទុន និងភ្ញៀវទេសចរណ៍ មកលេងនៅក្នុងខេត្តព្រះសីហនុ បានកាន់តែច្រើនថែមទៀតផងដែរ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង