ក្រសួងវប្បធម៌​ណែនាំម្ចាស់រមណីយដ្ឋានកែឆ្នៃថ្មី​ឈ្មោះ ​«ប្រាសាទបន្ទាយទ័ព» មានទីតាំងនៅស្រុកព្រៃនប់ ត្រូវលុបឈ្មោះនេះ​ចេញ ដើម្បីកុំឲ្យមានការភន្តច្រឡំ

ខេត្តព្រះសីហនុ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីណែនាំ ដល់​ម្ចាស់រមណីយដ្ឋានកែឆ្នៃថ្មីមួយកន្លែង មានទីតាំង​នៅ​ភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឲ្យបញ្ឈប់ការដាក់ឈ្មោះរមណីយដ្ឋានកែឆ្នៃខាងនេះ​ថា «ប្រាសាទបន្ទាយទ័ព» តទៅទៀត ព្រោះដើម្បីការពារកុំឲ្យមានការភន្តច្រឡំ ជាមួយទីតាំងប្រាសាទបុរាណ « បន្ទាយទ័ព​»ពិតប្រាកដ ដែលជាប្រាសាទប្រត្តិសាស្ត្រ របស់ប្រទេសកម្ពុជា ស្ថិតខេត្តបន្ទាយមានជ័យ។

 

ទាក់ទិនបញ្ហានេះ ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្ញើលិខិតមួយច្បាប់ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ​២០២១ ជូនប្រធានមន្ទីរវប្បធម៌ និងវិចិត្រសីល្បៈ ខេត្តព្រះសីហនុ ឲ្យចុះណែនាំម្ចាស់រមណីយដ្ឋានកែឆ្នៃថ្មី មានទីតាំងនៅស្រុកព្រៃនប់ខាងលើនេះ ត្រូវផ្លាស់ប្តូរឈ្មោះនេះចេញ ដោយមិនអនុញ្ញាតិឲ្យដាក់ឈ្មោះថាឈ្មោះ ​«ប្រាសាទបន្ទាយទ័ព»ទៀតទេ។

​រមណីយដ្ឋានកែឆ្នៃថ្មីមួយកន្លែង ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហាមមិនឲ្យដាក់ឈ្មោះ ​«ប្រាសាទបន្ទាយទ័ព»ខាងលើនេះ គេសង្កេតឃើញមានរូបចម្លាក់ថ្មីជាច្រើនប្រភេទ ដែលឆ្លាក់ចេញពីផ្ទាំងថ្មនៅនឹងកន្លែងខ្លះ និងនាំយកមកពីខាងក្រៅខ្លះ បង្កើតបានជាទស្សនីយភាព​បែបធម្មជាតិ សម្រាប់ទាក់ទាញការចាប់អារម្មណ៍​ពីមហាជន ដោយសារតែការរៀបចំរចនានេះ មើលទៅស្រដៀងទៅនឹងទីតាំងប្រាសាទបុរាណ បង្កប់នៅក្នុងល្អាងជ្រោះភ្នំអញ្ចឹងដែរ៕

អត្ថបទដែលជាប់ទាក់ទង