រដ្ឋបាលខេត្តព្រះសីហនុ ទុករយៈពេល១ខែ ឲ្យពលរដ្ឋកំពុងរស់នៅលើចំណីផ្លូវសាធារណៈ ​ជាប់របងមន្ទីរពេទ្យបង្អែកខេត្ត​ ត្រូវរុះរើសំណង់របស់ខ្លួនជាបន្ទាន់

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ​បានចេញសេចក្តីជូនដំណឹងមួយច្បាប់ ជម្រាបជូនពលរដ្ឋ និងអ្នកដែលកំពុងរស់នៅ ឬប្រកបអាជីវកម្មនៅលើចំណីផ្លូវសាធារណៈ វិថី៧មករា ជាប់របងមន្ទីរពេទ្យបង្អែកខេត្ត (ផ្លូវលេខ២០០) ស្ថិតក្នុងភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឲ្យរុះរើសំណង់ របស់ខ្លួនចេញ​ជាបន្ទាន់ ដើម្បីដំណើរការស្ថាបនាពង្រីកផ្លូវ។

​​យោងតាមសេចក្តីជូនដំណឹងចុងក្រោយ របស់​រដ្ឋបាល​ខេត្តព្រះសីហនុ ចុះថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២១ ​មានចុះ​ហត្ថលេខា ដោយ លោក គួច ចំរើន អភិបាលខេត្តនេះ បានទុករយៈពេល ០១ខែសម្រាប់ ការរុះរើសំណង់ទាំងអស់ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ជាកំហិត​។

​​រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា ​កន្លងមកធ្លាប់បានចេញសេចក្តីជូនដំណឹង ស្តីពីការរុះរើទីតាំងខាងលើនេះ រួចហើយ​ ប៉ុន្តែអាជ្ញាធរពិនិត្យឃើញថា ម្ចាស់សំណង់មួយចំនួន បានស្ម័គ្រចិត្តរុះរើដោយខ្លួនឯងរួចហើយ ប៉ុន្តែនៅមានម្ចាស់សំណង់មួយចំនួនទៀត មិនទាន់បានអនុវត្តតាមសេចក្តីជូនដំណឹងនេះទេ ទើបធ្វើឲ្យមានការអូសបន្លាយពេលមកដល់បច្ចុប្បន្ន។

ផ្តើមពីបញ្ហានេះ ទើបរដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងជាលើកចុងក្រោយ ដោយទុកពេលរយៈពេល ០១ ​ឲ្យម្ចាស់សំណង់ទាំងនោះ រុះរើសំណង់ និងសំភារៈផ្សេងៗ ត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ជាកំហិត។ ហើយថា ក្នុងករណី លោក លោកស្រី មិនរុះរើតាមខ្លឹមសារលិខិតនេះ រដ្ឋបាលខេត្តព្រះសីហនុ នឹងចុះអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដូចផ្អែកតាមមាត្រា៧១ នៃច្បាប់ស្តីពីផ្លូវថ្នល់បានចែងថា «ជនណាដែលសាងសង់ដោយខុសច្បាប់ នូវសំណង់រឹងមាំ មានលក្ខណៈជាអចិន្ត្រៃយ៍ នៅលើដីសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ត្រូវព្រមានជាលាយលក្ខណ៍អក្សរ និងតម្រូវឱ្យរុះរើចេញនូវសំណង់នោះ។ ក្នុងករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០រៀល ទៅ ២.០០០.០០០រៀល»។

ផ្អែកតាមមាត្រា៨១ នៃច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ បានចែងថា រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ដូចមានចែងក្នុងមាត្រា៧១ “រាល់ការចូលកាន់កាប់អចលនទ្រព្យរបស់រដ្ឋជាភោគៈ ក្រោយច្បាប់ភូមិបាលឆ្នាំ២០០១ ចូលជាធរមាន ឬរាល់ការកាន់កាប់ជាភោគៈនៅលើអចលនទ្រព្ យរបស់រដ្ឋ ដែលត្រូវបានកំណត់រួចហើយ ជាទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋ ទោះជាមុន ឬក្រោយច្បាប់ភូមិបាលឆ្នាំ២០០១ ចូលជាធរមាន ” ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០រៀល ដល់ ១០.០០០.០០០រៀល៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង