នគរបាលស្រុកសំពៅលូន បង្ក្រាបសង្វៀនជល់មាន់១កន្លែង ឃាត់ខ្លួនមនុស្ស២៦នាក់ និងម៉ូតូ២១គ្រឿង
ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលស្រុកសំពៅលូន បានចុះបង្ក្រាបល្បែងស៊ីសងភ្នាល់ជល់មាន់មួយករណី មានទីតាំងនៅក្នុងមូលដ្ឋានភូមិទួលក្រសាំង ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ដោយបានឃាត់ខ្លួនមនុស្សចំនួន ២៦នាក់, ដកហូតម៉ូតូចំនួន ២១គ្រឿង, មាន់ជល់ចំនួន ០៤ក្បាល, សង្វៀនជល់មាន់ចំនួន ០១, ស៊ុមាន់ចំនួន០៦, ជញ្ជីងថ្លឹងមាន់ចំនួន ០១ និង ម៉ាស៊ីនចុចកំណត់នាទីចំនួន ០១ ។
ក្រុមអ្នកញៀនល្បែងទាំងនេះ សមត្ថកិច្ចនគរបាលស្រុកសំពៅលូន បានឲ្យធ្វើការអប់រំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពលេងល្បែងស៊ីសងជល់មាន់នេះ ជាបន្តទៀត និងឱ្យក្រុមគ្រួសារមកធានា នាំយកទៅផ្ទះវិញ៕
ប្រភព៖ នគរបាលជាតិ

