សមិទ្ធផលថ្មីៗកសាងនៅវត្តស្មាច់ដែង បានដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី៣១ មករានេះ

ខេត្តព្រះសីហនុ៖ សមិទ្ធផលថ្មីៗជាច្រើន ដែលបានកសាងនៅក្នុងវត្តស្មាច់ដែង ត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ដោយមានការចូលរួមពី អ្ន្តកណាងរាស្ត្រមណ្ឌល ខេត្រព្រះសីហនុ ចំនួន ០៣រូប រួមមាន៖ លោក ចេវ គឹមហេង, លោក នេន ម៉ាឡៃ និងលោក តាក់ វណ្ណថា ព្រមទាំងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងពុទ្ធបរិស័ទជិតឆ្ងាយ ច្រើនកុះករបានចូលរួម។

នាឱកាសនោះ លោក លិន សារិន មេឃុំរាម បានធ្វើរបាយការណ៍ថា វត្តស្មាច់ដែងជាវត្តមួយ ក្នុងចំណោមវត្តនានា នៅទូទាំងប្រទេសកម្ពុជា ដែលគេចាត់ទុកថា ជាវត្តចំណាស់មានអាយុកាលជិត ១០០ឆ្នាំ។

លោកមេឃុំបន្តថា នៅថ្ងៃនេះ សមិទ្ធិផលថ្មីៗមួយចំនួន ក៏ត្រូវបានបើកសម្ពោធនៅក្នុងទីវត្តអារាមមួយនេះ រួមមាន៖ ក្លោងទ្វារ បង្គោលភ្លើង របង ចេតិយ៍ និងរូបសំណាក់ផ្សេងៗជាច្រើន ត្រូវបានដាក់សម្ពោធជាផ្លូវការ ទុកជាសម្បត្តិសាធារណៈ របស់វត្ត សម្រាប់ពុទ្ធបរិស័ទគោរពបូជា និងធ្វើបុណ្យទានមានភាពងាយស្រួល។

ចំណែក លោក ចេវ គឹមហេង ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ បានឲ្យដឹងថា ដោយសារតែការខិតខំយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការអភិវឌ្ឍន៍រីកចម្រើន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ហើយថា សមិទ្ធិផលថ្មីៗ ដែលកើតឡើងនៅក្នុងវត្តស្មាច់ដែង នាពេលនេះ គឺកើតចេញពីទឹកចិត្តសទ្ធាជ្រះថ្លា របស់បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយគ្រប់ទិសទី ដែលបានចំណាយ សម្ភារ ថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមកសាងសមិទ្ធផលនានា ក្នុងទីវត្តអារាមមួយនេះ ដើម្បីទុកសម្រាប់ឲ្យពុទ្ធបរិស័ទ ប្រជាពលរដ្ឋ មានភាពងាយស្រួល ក្នុងការគោរពបូជា និង ធ្វើបុណ្យទាន។

លោកបន្តថា ទៅថ្ងៃអនាគត លោកនឹងស្វែងរកសប្បុរសជន ដើម្បីបន្តស្ថាបនាសមិទ្ធិផលថ្មីៗបន្ថែមទៀត ដែលនៅមានការខ្វះខាតក្នុងវត្តនេះ ដោយធ្វើយ៉ាងណាឱ្យបរិវេណទីវត្តអារាមខាងលើនេះ ក្លាយទៅជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្ត និងមានបរិស្ថានល្អ សម្រាប់ពុទ្ធបរិស័ទចូលមកធ្វើបុណ្យទាន និងទស្សនារូបសំណាកផ្សេងៗ ដែលមាននៅក្នុងទីអារាមមួយនេះ។

បម្ថែមលើនេះ លោក ចេវ គឹមហេង ក៏បានសំណូមពរដល់ ព្រះសង្ឃគណៈកម្មការអាចារ្យ
និង ប្រជាពលរដ្ឋ ក៏ដូចជាពុទ្ធបរិស័ទទាំងអស់ ត្រូវចូលរួមថែរក្សាផលប្រយោជន៍ សម្បត្តិ សាធារណៈ របស់វត្ត ឲ្យបានគង់វង្សយូរអង្វែង៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង