លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា​ឬភូមា ត្រូវមេដឹកនាំយោធា ចាប់ឃុំខ្លួនជាថ្មីទៀត..

ប្រទេសមីយ៉ាន់ម៉ា៖​ លោកស្រី អ៊ុង សាន ស៊ូជី មេដឹកនាំប្រទេសមីយ៉ាន់ម៉ា ​អតីតជាប្រទេសភូមា ​ត្រូវបានចាប់ខ្លួន ដោយមេដឹកនាំយោធា ក្នុងការវាយឆ្មក់មួយ កាលពីព្រឹកព្រលឹមថ្ងៃចន្ទ ទី​០១ ខែកុម្ភៈ ឆ្នាំ ២០២១។

អ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ បានឲ្យដឹងថា មេដឹកនាំមីយ៉ាន់ម៉ា គឺលោកស្រី អ៊ុងសាន ស៊ូជី និង​ឥស្សរជនជាន់ខ្ពស់ដទៃទៀត នៃគណបក្សកាន់អំណាច ត្រូវបានចាប់ខ្លួន និង​ឃុំខ្លួន នៅក្នុងការឆ្មក់ចាប់ខ្លួន នៅព្រឹក​ថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ​២០២១នេះ​។

ការ​ធ្វើរដ្ឋប្រហារ របស់មេដឹកនាំយោធាមីយ៉ាន់ម៉ានៅថ្ងៃនេះ គឺបានកើតឡើង​តែប៉ុន្មានថ្ងៃ នៃភាពតានតឹងកាន់តែខ្លាំងឡើង បណ្តាលមកពីលទ្ធផលការបោះឆ្នោតមួយ ដែលក្រុមយោធានិយាយថា «ជាការក្លែងបន្លំ»។

អ្នកនាំពាក្យ លោក Myo Nyunt បានប្រាប់​កាសែតរ៉យទ័រថា «លោកស្រី ស៊ូជី, លោកប្រធានាធិបតី Win Myint, និងមេដឹកនាំដទៃទៀត ត្រូវបាន​ចាប់ខ្លួន នៅព្រឹកព្រលឹមថ្ងៃនេះ»។

លោក Myo Nyunt បានអំពាវនាវថា «​សូមឲ្យប្រជាជន របស់យើងកុំ ឆ្លើយតបណាមួយ ដោយប្រញាប់ប្រញាល់តក់ក្រហល់ឲ្យសោះ ហើយព្យាយាមធ្វើអ្វីក៏ដោយតាមផ្លូវច្បាប់។ អ្នកនាំពាក្យរូបនេះ ក៏ដឹងខ្លួនឯងថា ក៏នឹងត្រូវ​ប្រឈមការចាប់ឃុំខ្លួនលោក ពីសំណាក់មេដឹកនាំយោធាមីយ៉ាន់ម៉ាដែរ»៕ ប្រភព៖ កាសែត រ៉យទ័រ

អត្ថបទដែលជាប់ទាក់ទង