សហរដ្ឋអាមេរិក ទទូចឱ្យយោធាមីយ៉ាន់ម៉ា ដោះលែងលោកស្រី អ៊ុង​ សាន​សូជី និងមន្ត្រីផ្សេងទៀត ខណៈមេដឹកនាំយោធា​​ប្រកាសដាក់ប្រទេសនេះ ក្នុងគ្រា​អាសន្នរយៈពេល​១ឆ្នាំ

សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិក បាន​ជំរុញឱ្យមេដឹកនាំយោធាមីយ៉ាន់ម៉ា ដោះលែងមន្ត្រីមន្ត្រីមេដឹកនាំប្រទេសមីយ៉ាន់ម៉ា ដែលក្រុមយោធាចាប់ឃុំខ្លួន កាលពីព្រឹកថ្ងៃចន្ទ ទី​០១ ខែកុម្ភ៖ ឆ្នាំ ២០២១នេះ។ ក្នុងនោះ ក៏មានមេដឹកនាំមីយ៉ាន់ម៉ា គឺ លោកស្រី អ៊ុង​ សាន​ស៊ូជី ម្នាក់ដែរ ដែលត្រូវបានមេដឹកនាំយោធា ចាប់ខ្លួននៅព្រឹកព្រលឹមថ្ងៃចន្ទនេះ។

អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍​ថា សហរដ្ឋអាមេរិក ប្រឆាំងនឹងការប៉ុនប៉ងណាមួយ ដើម្បីផ្លាស់ប្តូរលទ្ធផល នៃការបោះឆ្នោតថ្មីៗនេះ ឬរារាំងការផ្លាស់ប្តូរប្រជាធិបតេយ្យ របស់ប្រទេសមីយ៉ាន់ម៉ា។ ហើយថា ករណីនេះ សហរដ្ឋអាមេរិក នឹងចាត់វិធានការប្រឆាំង​អ្នក ដែលទទួលខុសត្រូវនៅក្នុងរឿងនេះ។

លោកស្រី Jen Psaki ​បន្តថា សហរដ្ឋអាមេរិក ជំរុញឲ្យយោធា និ​ងគណបក្សដទៃទៀត ​ត្រូវប្រកាន់ខ្ជាប់ នូវបទដ្ឋានលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដោយដោះលែងអ្នក ដែលត្រូវបានឃុំខ្លួននៅថ្ងៃចន្ទនេះ។

លោកស្រី អ៊ុង​ សាន​ស៊ូជី និងប្រធានាធិបតី របស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានក្រុមយោធាចាប់ខ្លួន បន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងយោធា និងរដ្ឋាភិបាល ដោយខាងយោធា បានអះអាងថា ការចាប់ខ្លួននេះ គឺដោយសារមានភាពមិនប្រក្រតី នៅក្នុងការបោះឆ្នោតទូទៅ កាលពីខែវិច្ឆិកាកន្លងទៅនេះ។

ផ្តើមពីបញ្ហានេះ ក្រុមមេដឹកនាំយោធាមីយ៉ាន់ម៉ា ក៏​បាន​​ប្រកាសដាក់ប្រទេសទាំងមូល ក្នុងគ្រាមានអាសន្នរយៈពេល ០១ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន CNA នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពី មេដឹកនាំប្រទេសភូមា គឺលោកស្រី​​ អ៊ុង សាន​ស៊ូជី និងសមាជិកជាន់ខ្ពស់ នៃគណបក្សកាន់​អំណាច​ ត្រូវបានក្រុមយោធា ចាប់ឃុំខ្លួនទាំងព្រឹកព្រលឹមនៅថ្ងៃដដែលនេះ។

បច្ចុប្បន្ន​នេះ សេចក្តីរាយការណ៍ បានឲ្យដឹងថា ប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធទំនាក់ទំនងដ៏ទៃទៀត ត្រូវបានកាត់ផ្តាច់នៅក្នុងរដ្ឋធានីរ៉ង់ហ្គូន ដោយខាងក្រុមមេដឹកនាំយោធា បានអះអាងថា ការចាប់ខ្លួនឥស្សរជនជាន់ខ្ពស់ប្រទេសមីយ៉ាន់ម៉ាខាងលើនេះ គឺដោយសារមានភាពមិនប្រក្រតី នៅក្នុងការបោះឆ្នោតទូទៅ កាលពីខែវិច្ឆិកា ឆ្នាំ​២០២០កន្លងទៅ​៕

ប្រភព៖ Swift News

អត្ថបទដែលជាប់ទាក់ទង