ព្រឹត្តិការណ៍ជិះកង់នៃក្តីស្រឡាញ់ Valentine’s Bike Race នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកុម្ភ:នេះ

ខេត្តព្រះសីហនុ៖ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក វ៉ាត់ ចំរើន និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំព្រឹត្តិការណ៍ជិះកង់ នៃក្តីស្រឡាញ់ Valentine’s Bike Race ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១ខាងមុខនេះ។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៍ សហការជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយាន នឹងរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ ជិះកង់ នៃក្តីស្រឡាញ់នៅតាមឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុ ដើម្បីបង្ហាញពីសក្តានុពលថ្មី នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងសណ្តាប់ធ្នាប់ អនាម័យថ្មីរបស់ក្រុងគោលដៅទេសចរណ៍តំបន់ឆ្នេរ ខេត្តព្រះសីហនុ ដែលមានវិញ្ញាសារ កីឡាជិះកង់ដូចខាងក្រោម៖

១-ប្រណាំងកង់ភ្នំ ៤០គីឡូម៉ែត្រ ចាប់ពីឆ្នេរអូរឈើទាល ឆ្ពោះទៅឆ្នេររាម រួចត្រឡប់មកឆ្នេរអូរឈើទាលវិញ។

២- ជិះកង់កម្យាន្ត ឆ្នេរសមុទ្រថ្មី (Fun Ride) ២៥គីឡូម៉ែត្រ ចាប់ពីឆ្នេរអូរឈើទាល ទៅឆ្នេរអូរត្រេះ រួចត្រឡប់មកឆ្នេរអូរឈើទាលវិញ។

៣- ជិះកង់ក្រុមគ្រួសារ និងគូរសេ្នហ៍ (Family Couple Ride) ១៥គីឡូម៉ែត្រ តាមផ្លូវក្នុងទីក្រុងថ្មី និងឆ្នេរសមុទ្រ។

នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានគាំទ្រក្រសួងទេសចរណ៍ ដែលបានបង្កើតព្រឹត្តិការណ៍ជិះកង់ នៃក្តីស្រឡាញ់ Valentin’s Bike Race នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នាខេត្តព្រះសីហនុ។

អ្នករៀបចំកម្មវិធី បានឲ្យដឹងថា នេះជាលើកទីមួយក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់ នៅខេត្តព្រះសីហនុ និងឈានទៅបង្កើតព្រឹត្តិការណ៍ថ្មីៗថែមទៀត ដើម្បីផ្សព្វផ្សាយសក្តានុភាពទេសចរណ៍តំបន់ឆ្នេរ ឱ្យកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរ ចូលមកលេងកម្យាន្តខេត្តព្រះសីហនុ កាន់តែច្រើនបន្ថែមទៀត នាថ្ងៃអនាគត។

ចំណែក លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា ក្រសួងទេសចរណ៍ បានត្រៀមរៀបចំព្រឹត្តិការណ៍នេះ នៅតាមខេត្តគោលដៅទេសចរណ៍ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយថា ក្រសួង នឹងបង្កើតព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុង និងព្រឹត្តិការណ៍ផ្សេងៗទៀត ឱ្យបានកាន់តែច្រើននៅក្នុងខេត្តព្រះសីហនុ ក្រោយពីបញ្ចប់ជំងឺកូវីដ-១៩។

លោក វ៉ាត់ ចំរើន បន្តថា រហូតមកដល់ពេលនេះ មានអ្នកចុះឈ្មោះចូលរួមកម្មវិធីខាងលើ មានចំនួនជិត ១០០នាក់រួចហើយៗ ក្នុងនោះកីឡាករ មកពីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

ព្រមជាមួយគ្នានេះ លោក វ៉ាត់ ចំរើន ក៏បានសំណូមពរដល់រដ្ឋបាលខេត្តព្រះសីហនុ ត្រូវរកទីតាំងឱ្យក្រុមកីឡាករ បោះតង់ស្នាក់នៅតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ។ ទន្ទឹមនោះ ក៏ស្នើសុំឲ្យដមត្ងកិច្ច ជួយអន្តរាគមន៍ការពារសន្តិសុខ រៀបចំសណ្តាប់ធ្នាប់ និងត្រៀមរថយន្តសង្គ្រោះ ដើម្បីបង្ការក្រែងមានឧបទ្ទវហេតុណាមួយកើតឡើង៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង