គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សទៀតហើយ នៅតាមផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ​រសៀល ថ្ងៃទី០១ ខែកុម្ភៈ​ ឆ្នាំ២០២១នេះ មានរថយន្ត ០១គ្រឿង (មិនទាន់ស្គាល់ម៉ាក) បានបុកប៉ះជាមួយម៉ូតូ ០១គ្រឿង នៅលើកំណាត់ផ្លូវជាតិលេខ៤​ ត្រង់ចំណុច​មុខស្ថាននីយ៍ប្រេងឥន្ទនៈ ភីធីធី (PTT) ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។

សមត្ថកិច្ច បញ្ជាក់ថា ក្រោយ​កើតហេតុគ្រោះថ្នាក់ចរាចរណ៍នេះ គេឃើញ​រថយន្ត ០១គ្រឿង (មិនទាន់ស្គាល់ម៉ាក) ដែលជារថយន្តបង្កហេតុ បាន​បើករត់​ ​ក្នុងទិសដៅ​ពី​លិច ឆ្ពោះទៅទិសខាងកើត រួចគេចខ្លួនបាត់បាត់ស្រមោល។

ចំណែកភាគី​អ្នកបើកបរ​មានឈ្មោះ ឈិក ស្រីពេជ្រ ភេទស្រី អាយុ ១៥ឆ្នាំ (រងរបួស​) បើកម៉ូតូ​ម៉ាក SIRUIS ពណ៌ខ្មៅ គ្មានផ្លាកលេខ មានទិសដៅស្របគ្នា និងមានអ្នករួមដំណើរជាប្អូនប្រុសឈ្មោះ ឈិក សូរិយា អាយុ ១១ឆ្នាំ (ស្លាប់) អ្នកទាំងពីរស្នាក់នៅបច្ចុប្បន្នភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយកើតហេតុ សាកសពត្រូវ​សមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីយ៍។ រីឯរថយន្តបង្កហេតុ ដែលបើកគេចខ្លួន សមត្ថកិច្ច​កំពុងបន្តស្រាវជ្រាវ​ ឈានដល់នាំខ្លួនជនសង្ស័យ ឲ្យមកទទួលខុសត្រូវ តាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង