កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ក្រុមហ៊ុនស្ថាបនាផ្លូវ ៣៤ខ្សែក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោក យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីរសៀល ទី០២ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ក្រុមហ៊ុនកសាងផ្លូវ ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យវឌ្ឍនភាព នៃការស្ថាបនាផ្លូវ បន្ទប់ទឹកសាធារណៈ អាងប្រព្រឹត្តកម្ម ការអ៊ុតបេទីម ការបំពាក់អំពូលបំភ្លឺផ្លូវ បំពាក់កាំមេរ៉ាសុវត្ថិភាព ការគូសគំនូរចរាចរណ៍ បំពាក់ភ្លើងចរាចរណ៍ នៅលើដងផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ក្រុមហ៊ុននីមួយៗ បានសន្យាពន្លឿនសកម្មភាពការងារ របស់ខ្លួន ឱ្យរួចរាល់ត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ដោយឡែកការងារគូសគំនូសចរាចរណ៍គ្រោងបញ្ចប់ការងារ របស់ខ្លួននៅចុងខែមីនាខាងមុខ។

នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្ត បានជម្រុញឱ្យក្រុមហ៊ុននីមួយៗ ត្រូវបង្កើនការងារឱ្យបានទ្វេដង ដើម្បីធ្វើយ៉ាងណាឱ្យការងារដែលនៅសេសសល់ត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២១ ដើម្បីរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងខែមេសា ឆ្នាំ២០២១៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង