អភិបាលខេត្តព្រះសីហនុ ណែនាំមេឃុំ-ចៅសង្កាត់ ត្រូវប្រមូលព័ត៌មានឱ្យបានជាប្រចាំ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ក្នុងសហគមន៍

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីរសៀល ថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំប្រជុំត្រៀមបង្ការ ទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ដោយមានការចូលរួមពី លោក-លោកស្រី អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង-ស្រុក ប្រធានអនុប្រធានមន្ទីរ អង្គភាព មេឃុំ-ចៅសង្កាត់ទាំង ២៩ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាពទាំង១៦ ក្នុងខេត្តព្រះសីហនុ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ដោយសាររយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជំងឺកូវីដ-១៩ បានផ្ទុះក្នុងសហគមន៍នៅប្រទេសជិតខាងរបស់យើង វាក៏អាចគំរាមកំហែងដល់ប្រទេសកម្ពុជាផងដែរ ។ យើងមានពលកររាប់ម៉ឺននាក់ដែរធ្វើការនៅប្រទេសថៃ ហើយមានពលករមួយចំនួនបានវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។

លោកបន្តថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រើប្រាស់កម្លាំងសរុប ក្នុងការគ្រប់គ្រងធ្វើចក្តាឡីស័ក នៅតាមព្រំដែន និងបានធ្វើការដឹកជញ្ជូនពលកររបស់យើងមកកាន់ក្រុង ស្រុកវិញប្រកបដោយជោគជ័យដោយមិនមានការឆ្លងចូលក្នុងសហគមន៍នោះទេ។ រាជរដ្ឋាភិបាលមានការព្រួយបារម្មណ៍នៃការវិលត្រឡប់មកពីប្រទេសថៃ របស់ពលកររបស់យើង បានដាក់ចេញនូវវិធានការគ្រប់គ្រងទទួលបានជោគជ័យ ដូច្នេះយើងត្រូវបន្តការគ្រប់គ្រងអ្នកដែលចូលមកតាមច្រករបៀងដោយខុសច្បាប់។ ហើយថ្ងៃនេះយើងធ្វើការជួបជុំប្រមូលផ្តុំគ្នា ព្រមទាំងស្នើសុំមេឃុំ-ចៅសង្កាត់ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសជិតខាង បំផុសប្រជាពលរដ្ឋ បើមានក្រុមគ្រួសារណាមកពីប្រទេសថៃ សូមរាយការណ៍មកមេភូមិ ឃុំ-សង្កាត់ ដើម្បីយកពួកគាត់ធ្វើចក្តាឡីស័ករយ:ពេល ១៤ថ្ងៃ ហើយត្រូវយកប្រជាពលរដ្ឋជាភ្នែក ច្រមុះ ដើម្បីយើងប្រមូលព័ត៌មាន នៅក្នុងមូលដ្ឋាន។

លោក គួច ចំរើន បានណែនាំមេឃុំ ចៅសង្កាត់បង្កើនស្មារតីទទួលខុសត្រូវប្រមូលព័ត៌មាន ឱ្យបានជាប់ជាប្រចាំ ដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ក្នុងសហគមន៍។

ម្យ៉ាងទៀតមណ្ឌលសុខភាពចូលរួមសហការជាមួយអាជ្ញាធរ ឃុំ សង្កាត់ ព្រោះមន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាពពួកគាត់បានបណ្តុះ បណ្តាលក្នុងការយកសំណាកជំងឺកូវីដ-១៩។

នាឱកាសនោះ លោក គួច ចំរើន បានផ្តល់ថវិកាដល់អភិបាលក្រុង ស្រុកទាំង៥ ក្នុងមួយក្រុង ស្រុកនូវថវិកា ១០លានរៀល, មន្ទីរសុខាភិបាលខេត្ត ១០លានរៀល, មន្ទីរពេទ្យបង្អែកខេត្ត ១០លានរៀល, មណ្ឌលសុខភាព១៦ ក្នុងមួយមណ្ឌល ៥លានរៀល, សាលាឃុំ-សង្កាត់ ២៩ ក្នុងមួយឃុំ-សង្កាត់ ៥លានរៀល៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង