បញ្ជូនជនសង្ស័យ៤នាក់ សាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងប្រើប្រាស់អាវុធខុសច្បាប់

ខេត្តព្រះសីហនុ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា នៅរសៀលថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២១ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ០៤នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ហិង្សាដោយចេតនា ករណីប្រើប្រាស់អាវុធ ដោយខុសច្បាប់ និងករណីគំរាមកំហែងថា និងសម្លាប់ ប្រព្រឹត្តិនៅចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបន្តថា ជនសង្ស័យរួមមាន៖ ឈ្មោះ គុយ ស៊ុន ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ ស៊ាង វណ្ណី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន, ឈ្មោះ ថឿន សុថួន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ, ឈ្មោះ ហម រ៉ា ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករវាយថ្ម។

វត្ថុតាងដែលសមត្ថកិច្ច បានដកហូតរួមមាន៖ រថយន្តម៉ាកស៊ីណា ពណ៌ត្រេអ៉ី ពាក់ស្លាកលេខ ខ.ម ចំនួន ០១គ្រឿង, ប័ណ្ណសំគាល់យានយន្តចំនួន ០១សន្លឹក, ម៉ូតូចំនួន ០៣គ្រឿង, ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង, អាវុធខ្លី ម៉ាក K៥៤ ចំនួន ០១ដើម, បង់០១, គ្រាប់០៨។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ កម្លាំងកងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន ជនសង្ស័យចំនួន ​១០​នាក់​ ពាក់ព័ន្ធករណីហិង្សាដោយចេតនា នៅតំបន់ពូយម៉ាចូវ​ ស្ថិតក្នុងភូមិគគីរ​ ឃុំបិតត្រាំង​ ស្រុកព្រៃ​នប់​ ខេត្តព្រះសីហនុ​ តាមបណ្ដឹងរបស់ឈ្មោះ ផល សុភ័ណ្ឌ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកយាមដីឲ្យក្រុមហ៊ុន ហ្វូហាយ។ បច្ចុប្បន្នស្នាក់នៅ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រោះតែ​មាន​ការ​ប៉ះទង្គិច​គ្នា​ បន្ទាប់ពី​តុលាការ​ បានចុះ​ផ្សព្វផ្សាយ​ដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន លេខ​៦០៤ ត.រ/២០ ចុះថ្ងៃទី​០៩ ខែ​កញ្ញា​ ឆ្នាំ​២០២០ ដឹកនាំ​ដោយ​ លោក កោ វណ្ឌី ចៅក្រម នៃសាលាដំបូងខេត្តព្រះសីហនុ ដោយយោងតាមមាត្រា ៥៣០, ៥៣៩ និងមាត្រាពាក់ព័ន្ធ នៃក្រមនីតិវិធីរដ្ឋប្បវេណី។

ក្រោយសមត្ថកិច្ច បានធ្វើសាកសួរជនសង្ស័យទាំង ១០នាក់ តាមនិតិវីធីរួចមក ក៏បានដោះលែងជនសង្ស័យចំនួន ០៦នាក់ នោះវិញ ព្រោះមិនមានការពាក់ព័ន្ធ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង