ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ នាំយកថវិកាសប្បុរសជនខេត្តព្រះសីហនុ ១០០លានរៀលប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ..

ខេត្តព្រះសីហនុ៖ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ លោក ជាម ហ៊ីម និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ រួមជាមួយ លោកនាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអតីតប្រធានមូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំមន្ត្រីខេត្តព្រះសីហនុ នាំយកថវិការបស់សប្បុរសជនខេត្តព្រះសីហនុ ចំនួន ១០០លានរៀល ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ ក្នុងការជួយពិនិត្យព្យាបាលកុមារកម្ពុជាដែលមានជីវភាពខ្វះខាត។

នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានរំលឹកពីការងារ ដែលកាលលោកនៅជាអភិបាលខណ្ឌដូនពេញ ដោយមើលឃើញពីស្ថានភាពលំបាកជាច្រើន របស់បងប្អូនប្រជាពលរដ្ឋ ដែលបាននាំកូនៗមកទទួលការព្យាបាលនៅមន្ទីរពេទ្យគន្ឋបុប្ផា នៅជាជម្រករង់ចាំ បង្គន់អនាម័យជាដើម។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបន្តថា យោងតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបង្កើត «មូលនិធិគន្ឋបុប្ផាកម្ពុជា» ដើម្បីស្វែងរកមូលនិធិបន្ថែមជួយដល់មន្ទីរពេទ្យគន្ឋបុប្ផា។ ថ្ងៃនេះលោកក៏បានដឹកនាំ ប្រតិភូសាលាខេត្ត នាំថវិកាមូលនិធិទ្រទ្រង់គន្ឋបុប្ផារបស់ខេត្តព្រះសីហនុ ចំនួន ១០០លានរៀល មកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា។

លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានមូលនិធិគន្ធបុប្ផា បានសម្ដែងការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្មការទ្រទ្រង់ មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តព្រះសីហនុ ដែលបានចូលរួមបរិច្ចាគថវិកាចំនួន ១០០លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថាបនិក និងជាប្រធានកិត្តិយស សំដៅធានាចីរភាពនៃកិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផា។

សូមជម្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងទស្សនវិស័យ កុមារជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា នៅតែទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំង ០៥ទីតាំង នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការចូលរួមបរិច្ចាគពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង