រដ្ឋមន្ត្រីការបរទេសអាមេរិក៖ «យើងនឹងសហការជាមួយសម្ព័ន្ធ ដើម្បីធ្វើឲ្យប្រទេសចិន ទទួលខុសត្រូវ លើបញ្ហាអស្ថិរភាពក្នុងតំបន់, ថ្កោលទោសរដ្ឋប្រហារនៅមីយ៉ាន់ម៉ា និងដោះស្រាយបញ្ហាសិទ្ធិមនុស្ស»

(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយ របស់សារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក  គឺលោក អាន់ថូនី ប្លីងខិន (Antony Blinken) បានប្រាប់អ្នកការទូតកំពូលចិន លោក យ៉ាង ជីឈី (Yang Jiechi) ត្រង់ៗថា ទីក្រុងវ៉ាស៊ីនតោន នឹងសហការជាមួយសម្ព័ន្ធមិត្ត របស់ខ្លួន ដើម្បីឱ្យទីក្រុងប៉េកាំង ទទួលខុសត្រូវ សម្រាប់ការគំរាមកំហែងដល់ស្ថិរភាពនៅក្នុងតំបន់ និងឈរប្រកៀកស្មាគ្នា ដើម្បីការពារសិទ្ធិមនុស្ស។

យោងតាមសេចក្ដីថ្លែងការណ៍ខ្លីមួយ ចេញផ្សាយដោយ សេតវិមាន លោក Antony Blinken បានជួបសន្ទនាគ្នាតាមទូរស័ព្ទជាមួយ លោក Yang Jiechi។ លោក Yang Jiechi គឺជាសមាជិកការិយាល័យនយោបាយ នៃគណបក្សកុម្មុយនិស្ដចិន ដែលបានផ្ដល់ឱ្យលោកនូវតំណែង ខ្ពស់ជាងរដ្ឋមន្ត្រីការបរទេស នៃប្រទេសចិន។

សេចក្ដីថ្លែងការណ៍ដដែល បានគូសបញ្ជាក់ដូច្នេះថា «លោករដ្ឋមន្ត្រីការបរទេស Blinken បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក នឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្ត ដើម្បីប្រកៀកស្មាគ្នាការពារសិទ្ធិមនុស្ស និងតម្លៃប្រជាធិបតេយ្យ ក្នុងនោះរួមមាន៖ តំបន់ស៊ីនជាំង ទីបេ និងហុងកុង។ មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិក ក៏នឹងដាក់សម្ពាធផងដែរ ដើម្បីឱ្យចិនចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីថ្កោលទោសរដ្ឋប្រហារដោយយោធានៅមីយ៉ាន់ម៉ា ក៏ដូចជា នឹងនាំចិន ឱ្យមកទទួលខុសត្រូវ សម្រាប់ការបង្កអស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេសតំបន់ច្រកសមុទ្រតៃវ៉ាន់»។

គួរបញ្ជាក់ថា ទំនាក់ទំនងបច្ចុប្បន្នរវាងចិន និងសហរដ្ឋអាមេរិក បានធ្លាក់ចុះ ដល់កម្រិតដុនដាបបំផុត មិនធ្លាប់មាននៅក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ។ នៅក្នុងការធ្វើបទបង្ហាញស្តីពីនយោបាយការបទេស កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍កន្លងទៅនេះ ប្រធានាធិបតីអាមេរិក គឺលោក ចូ បៃដិន បានចាត់ទុកថា «ចិនគឺជាគូប្រជែងធំបំផុត» ដោយការលើកឡើងបែបនេះ បានធ្វើឱ្យក្រុមអ្នកជំនាញមើលឃើញថា ទំនាក់ទំនង រវាងមហាយក្សសេដ្ឋកិច្ចទាំង ០២ នឹងមិនមានភាពប្រសើរឡើងវិញឡើយ ក្រោមរដ្ឋបាល លោក ចូ បៃដិន៕


ប្រភព៖ Fresh News

អត្ថបទដែលជាប់ទាក់ទង