តុលាការកំណត់ថ្ងៃសវនាការសំណុំរឿង លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងគូកន រឿងស៊ីដាច់ប្រាក់រាប់ម៉ឺនដុល្លារ តាមរូបភាពរត់ការយកតំណែង រដ្ឋលេខាធិការ

រាជធានីភ្នំពេញ៖ សំណុំរឿងស៊ីដាច់ប្រាក់តាមរូបភាពរត់ការយកតំណែងរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម មិនបានសម្រេចដែលមាន លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ មានជ័យ , លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការរងកងអាវុធហត្ថរាជធានីភ្នំពេញ និង អាជីវករម្នាក់ជាជនជាប់ចោទ ត្រូវបានតុលាការលើកយកមកបើកសវនាការជំនុំជម្រះ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។

តាមប្រភពព័ត៌មាន ដែលទទួលបាន គឺ សវនាការនេះមានលោក អ៊ឹម វណ្ណៈ ជាចៅក្រមជំនុំជម្រះ និង លោក ឆាយ ហុង ព្រះរាជអាជ្ញារង ជាតំណាងអយ្យការ ។

ជនជាប់ចោទមានគ្នា ០៣នាក់ គឺ ឈ្មោះ ឌី រ័ត្នខេមរុណ ភេទប្រុស អាយុ៣៩ឆ្នាំ ជាអភិបាលរងខណ្ឌមានជ័យ ឈ្មោះ ខេន សុវណ្ណ ភេទប្រុស អាយុ៥២ឆ្នាំ ជាមេបញ្ជាការរងកងអាវុធហត្ថ រាជធានីភ្នំពេញ និង ឈ្មោះ លី សុជាតិ ភេទប្រុស អាយុ៤០ឆ្នាំ ជាអាជីវករ។

ក្នុងនោះក៏មានការជូនដំណឹងទៅមេធាវីការពារសិទ្ធិឲ្យជនជាប់ចោទឈ្មោះ លី សុជាតិ ។ ជូនដំណឹងទៅមេធាវី ម៉ៃ វណ្ណាឌី ជាមេធាវីការពារសិទ្ធិឲ្យជនជាប់ចោទឈ្មោះ ខេន សុវណ្ណ និងមេធាវី ស្រ៊ី សារ៉ាវុឌ្ឍ ជាមេធាវីការពារសិទ្ធិឲ្យជនជាប់ចោទឈ្មោះ ឌី រ័ត្នខេមរុណ និងក៏មានការជូនដំណឹងទៅមេធាវី ឃុន ខេនខេម៉ា ជាមេធាវីការពារសិទ្ធិឲ្យដើមបណ្តឹងឈ្មោះ ប្រាក់ ប្រាកដ ផងដែរ ដើម្បីមកតតាំងក្តីក្នុងសំណុំរឿងខាងលើនេះ ។

គួររំលឹកថា កន្លងមក មានករណីផ្ទុះរឿងពុករលួយមួយ នេះ ដោយយកប្រាក់ចំនួន ៣០ម៉ឺនដុល្លារអាមេរិក ទៅរត់ការតំណែង រដ្ឋលេខាធិការក្នុងក្រសួងឧស្សាហកម្ម និងសិប្បកម្ម តាមបណ្ដឹង លោក ប្រាក់ ប្រាកដ អតីតអគ្គនាយកទឹកស្អាតក្រសួងឧស្សាហកម្ម និង សិប្បកម្ម។

ក្នុងសំណុំរឿងនោះ លោក ឌី រ័ត្នខេមរុណ និង លោកឧត្តមសេនីយ៍ត្រី ខេន សុវណ្ណ ត្រូវបានលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ សម្រេចធ្វើការចោទប្រកាន់ជាផ្លូវការពីបទ «ឆបោកមានស្ថានទម្ងន់ទោស» តាមមាត្រា ៣៧៧ និងមាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ។

ចំណែកឈ្មោះ លី សុជាតិ ត្រូវបានចោទប្រកាន់ពីបទ «ឆបោក» តាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ។

ប្រភពព័ត៌មានទម្លាយឲ្យដឹងពីមូលហេតុថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ឈ្មោះ លី សុជាតិ ឈ្មោះ ខេន សុវណ្ណ និងឈ្មោះ ឌី រ័ត្នខេមរុណ បានណាត់ជនរងគ្រោះឲ្យទៅជួបនៅភោជនីយដ្ឋាន នាគក្រហម ទល់មុខស្នាក់ការកាកបាទក្រហមកម្ពុជា ដើម្បីនិយាយធានារឿងរត់ការឡើងតំណែងពាក់ព័ន្ធនឹងករណីរត់ការយកតំណែងរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឲ្យខ្លួនក្នុងតម្លៃ ៣០ម៉ឺនដុល្លារ។

បន្ទាប់ពីនិយាយត្រូវគ្នាគ្រប់លក្ខខណ្ឌរួចមក ឈ្មោះ ខេន សុវណ្ណ និងឈ្មោះ ឌីរ័ត្ន ខេមរុណ បានឲ្យឈ្មោះ លី សុជាតិ ទៅទទួលប្រាក់ពីជនរងគ្រោះចំនួន ១២ម៉ឺនដុល្លារអាមេរិក នៅធនាគារ FTB ក្បែរផ្សារធំថ្មី និងបានតម្រូវឲ្យជនរងគ្រោះដាក់ប្លង់ដី និងប្លង់ផ្ទះចំនួន៣កន្លែងយកទៅទុកនៅឈ្មោះ ឌីរ័ត្ន ខេមរុណ ជាប្រាក់កក់មុន និងជាទ្រព្យធានាបន្ថែម។

លុះដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ឈ្មោះ ខេន សុវណ្ណ ក៏បានឲ្យជនរងគ្រោះយកប្រាក់សុទ្ធចំនួន ០៤ម៉ឺនដុល្លារអាមេរិក និងបានតម្រូវឲ្យជនរងគ្រោះតម្កល់សែកមួយសន្លឹកទៀត របស់ធនាគារ FTB មានទឹកប្រាក់ចំនួន ១៤ម៉ឺនដុល្លារអាមេរិក មកឲ្យខ្លួននៅចំណុចភោជីយដ្ឋាន នាគក្រហម ដើម្បីឲ្យគ្រប់ចំនួន ៣០ម៉ឺនដុល្លារអាមេរិក ដែលបានព្រមព្រៀងគ្នាកន្លងមក។ ដូច្នេះ ទឹកប្រាក់សុទ្ធដែលអ្នកទាំង៣ បានទទួលពីជនរងគ្រោះចំនួន ១៦ម៉ឺនដុល្លារអាមេរិក។

ក្រោយមកដោយសារការរត់ការ មិនបានសម្រេច ឈ្មោះ ខេន សុវណ្ណ ក៏បានទាក់ទងឈ្មោះ ឌីរ័ត្ន ខេមរុណ ឲ្យយកប្លង់ដី ប្លង់ផ្ទះចំនួន ០៣ប្លង់ ដែលកក់ទុកយកមកប្រគល់ឲ្យជនរងគ្រោះវិញ នៅចំណុចភោជនីយដ្ឋាន ដាវ ស្ថិតក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង។ បន្ទាប់មកឈ្មោះ ខេន សុវណ្ណ និង ឌីរ័ត្ន ខេមរុណ ក៏បានឲ្យឈ្មោះ លី សុជាតិ យកប្រាក់ចំនួន ០៧ម៉ឺនដុល្លារអាមេរិក ទៅប្រគល់ឲ្យជនរងគ្រោះវិញផងដែរ នៅសល់ ០៩ម៉ឺនដុល្លារទៀត ដោយអ្នកទាំង ០៣ បានប្រើល្បិចភូតកុហកជនរងគ្រោះថា ប្រាក់ដែលនៅសេសសល់ម្តងថា ថ្ងៃនេះ ម្តងថា ថ្ងៃនោះ..។ ទើបរហូតមកទើបដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ជនរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យជួយចាត់ការអ្នកទាំង ០៣នាក់នោះតាមផ្លូវច្បាប់៕

ប្រភព៖ CPC NEWS

អត្ថបទដែលជាប់ទាក់ទង