កិច្ចប្រជុំស្តីពីការបង្ការការពារ និងវិធានការទប់ស្កាត់ ការនាំចូលជំងឺកូវីដ-១៩ ក្នុងសហគមន៍ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន កាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំស្តីពីការបង្ការ ការពារ និងវិធានការទប់ស្កាត់ ការនាំចូលជំងឺកូវីដ-១៩ ក្នុងសហគមន៍។ កិច្ចប្រជុំនេះ មានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ និងតំណាងសមាគមន៍ទូកដឹកភ្ញៀវទេសចរណ៍ ក៏បានចូលរួមដែរ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ប៉ុន្មានថ្ងៃក្រោយនេះ ប្រទេសវៀតណាម និងប្រទេសថៃ កំពុងមានការរីករាលដាលជំងឺកូវីដ-១៩ ដោយប្រទេសទាំងពីរ មានព្រំប្រទល់ជាប់ប្រទេសកម្ពុជា ទាំងផ្លូវទឹក និងផ្លូវគោក។

ដោយឡែក ខេត្តព្រះសីហនុ សម្រាប់ការនាំចូលជំងឺកូវីដ-១៩ តាមផ្លូវទឹកគឺ ពិតជាមានការព្រួយបារម្ភ ព្រោះអាចមានប្រជាពលរដ្ឋខ្មែរមកពីប្រទេសជិតខាងចូលមក។ ដូច្នេះ សូមឱ្យកម្លាំងសមត្ថកិច្ចមានដូចជា៖ កងទ័ពជើងទឹក នគរបាលព្រំដែនទឹក និងកម្លាំងពាក់ព័ន្ធមួយចំនួនទៀត ត្រូវចូលរួមសហការគ្រប់គ្រងផ្លូវទឹកឱ្យមានប្រសិទ្ធភាព ដើម្បីបង្ការការពារទប់ស្កាត់ការនាំចូលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍យើង ឲ្យបានម៉ត់ចត់ល្អ។

លោកអភិបាលបន្តថា ពេលប្រជាពលរដ្ឋមកពីប្រទេសជិតខាងឆ្លងកាត់ តាមច្រកសមុទ្រផែខេត្តព្រះសីហនុ តម្រូវឱ្យពួកគាត់ធ្វើចក្តាឡីស័ក ១៤ថ្ងៃ គោរពតាមគោលការណែនាំ របស់ក្រសួងសុខាភិបាល ជាមុនសិន និងធ្វើការយកសំណាកចំនួនពីរដង។ ដូច្នេះយើងត្រូវពង្រាយកម្លាំងតាមគោលដៅនានា ក្នុងការគ្រប់គ្រងតាមផ្លូវទឹកឱ្យបានល្អ និងរៀបចំមណ្ឌលចក្តាឡីស័ក សម្រាប់ដាក់ប្រជាពលរដ្ឋ ដែលវិលមកកម្ពុជា តាមច្រកកំពង់ផែនេសាទ ក្នុងខេត្តព្រះសីហនុ។

នាឱកាសនោះ លោក គួច ចំរើន បានឧបត្ថម្ភថវិកាដល់អង្គភាពចំនួន០៩ ក្នុងខេត្តព្រះសីហនុ មានដូចជា៖ អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ, វរការពារព្រំដែនទឹកលេខ២៤០, អង្គភាពកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ, ទីបញ្ជារការជួរមុខគណៈកម្មការជាតិសន្តិសុខលម្ហសមុទ្រ, កងទ័ពជើងទឹក បញ្ជាការដ្ឋានការពារកោះឆ្នេរ, ស្នងការនគរបាលខេត្ត, កងរាជអាវុធហត្ថខេត្ត, តំបន់ប្រតិបត្តិការសឹករងខេត្ត និងរដ្ឋបាលជលផលខេត្តព្រះសីហនុ ក្នុងមួយអង្គភាព ទទួលបានថវិកាចំនួន ១០លានរៀល៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង