សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទកាសែត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយពីទទួល​វ៉ាក់សាំងការពារកូវីដ-១៩ ពីប្រទេសចិន

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសតាមបណ្តាញព័ត៌មានថា សម្តេច នឹងធ្វើសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយពីទទួលបានវ៉ាក់សាំងការពារកូវីដ-១៩ ពីប្រទេសចិន នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រសួងសុខាភិបាល បានឲ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នឹងបញ្ជូនមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ជាជំហ៊ានដំបូងមានចំនួន ៣០ម៉ឺនដូស។ ក្រសួងសុខាភិបាល តាមរយៈ សេចក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃទី០៥ ខែកុម្ភៈ បានបញ្ជាក់ថា រដ្ឋាភិបាលចិន នឹងផ្តល់ជាជំនួយវ៉ាក់សាំងចំនួន ៣០០.០០០ដូស និងសេរ៉ាំងចំនួន ៣០០.៨០០ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រសួងសុខាភិបាល ​ក៏បានបញ្ជាក់​ថា អាយុដែលអាចចាក់បានគឺ មានពី ១៨ឆ្នាំ ទៅដល់ ៥៩ឆ្នាំ ហើយអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ត្រូវរង់ចាំលទ្ធផល នៃការសិក្សាសិន។

បន្ថែមលើនេះ ក្រសួងសុខាភិបាល កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញលិខិតអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ប្រទេសចិន ក្នុងលក្ខខណ្ ឌនៃការប្រើប្រាស់ជាបន្ទាន់។

ទាក់ទិនបញ្ហានេះដែរ តាមរយៈបណ្តាញសង្គម Facebook សម្តេច​ ហ៊ុន សែន បានប្រកាសថា សម្តេចមិនអាចចាក់វ៉ាក់សាំងស៊ីណូហ្វាម នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះបានទេ ព្រោះ​សារវ៉ាក់សាំងនេះ តម្រូវឱ្យចាក់សម្រាប់អ្នកមានអាយុចន្លោះអាយុពី ១៨ឆ្នាំ ទៅដល់ ៥៩ឆ្នាំតែប៉ុណ្ណោះ។ ចំណែក សម្តេចមានអាយុ ៦៨ឆ្នាំទៅហើយ។

សម្តេច​ ហ៊ុន សែន បញ្ជាក់កាលពីល្ងាចថ្ងៃទី០៥ ខែកុម្ភៈ នៅលើ ហ្វេសប៊ុក របស់សម្តេចថា «ខ្ញុំទើបបានទទួលព័ត៌មានតាមរយៈក្រសួងសុខាភិបាល ដែលបានទទួលលិខិតផ្លូវការពីការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រចាំស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបញ្ជាក់ថា វ៉ាក់សាំងឈ្មោះសុីណូហ្វាម (Sinopharm) ចាក់បានតែមនុស្សមានអាយុពី ១៨ឆ្នាំ ទៅដល់ ៥៩ឆ្នាំតែប៉ុណ្ណោះ»។

សម្តេចតេជោ ​បន្ថែមថា «សម្រាប់ខ្ញុំ ដែលមានអាយុជាង ៦៨ឆ្នាំទៅហើយ មិនទាន់អាចចាក់បានទេ។ ដូចនេះ គម្រោងចាក់វ៉ាក់សាំង ដែលគ្រោងចាក់នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ នឹងត្រូវលុបចោល អាស្រ័យដោយទាំងខ្ញុំ ទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតភាគច្រើន មានអាយុលើសពី ៦០ឆ្នាំទៅហើយ មិនអាចចាក់បានទេ»៕ ដោយ៖ សក្កដា

អត្ថបទដែលជាប់ទាក់ទង