គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ ជានិមិត្តរូបនៃចំណងមិត្តភាពកម្ពុជា-ចិន

ខេត្តសៀមរាប៖ ក្រុមការងារជំនាញ នៃប្រទេសចិន ដែលកំពុងប្រតិបត្តិការនៅការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឲ្យដឹងថា សម្រាប់ផែនការឆ្នាំ២០២១ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងពន្លឿនការសាសង់ឲ្យបាន ៦៧% និងបញ្ចប់ការសាងសង់ ឈានទៅបំពេញលក្ខខណ្ឌប្រតិបត្តិការ របស់អាកាសយានដ្ឋាន នាពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។

ក្រុមការងារជំនាញ នៃប្រទេសចិន បន្តថា តាមផែនការឆ្នាំ២០២១នេះ ការសាងសង់គម្រោងទាំងមូល គ្រោងនឹងសម្រេច ឲ្យបានប្រមាណជា ៦៧% ដែលនៅក្នុងនោះ ការសាងសង់ស្ថានីយ៍អ្នកដំណើរគ្រោងនឹងសម្រេចឲ្យបាន ៧៨% ការកសាងតំបន់ហោះហើរគ្រោងនឹងសម្រេចឲ្យបាន ៤៥% និង សំណង់ហេដ្ឋារចនាសម្ព័ន្ធទូទៅរបស់អាកាសយាដ្ឋាន គ្រោងនឹងសម្រេចឲ្យបាន៥០%។

អ្នកជំនាញចិន បានឧទ្ទេសនាមជូនប្រតិភូរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយ លោក ទៀ សីហា នៅព្រឹកថ្ងៃសៅរិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងដំណើរទស្សនកិច្ចស្វែងយល់ អំពីវឌ្ឍនភាព នៃការដ្ឋានសំណង់នោះ។ បទបង្ហាញនោះ បានបង្ហាញថា ការដ្ឋានសាងសង់ស្ថានីយ៍អ្នកដំណើរ ដែលចាប់ផ្តើមដំណើរការនាពាក់កណ្តាលខែមីនា មកដល់ចុងឆ្នាំ២០២០ គឺសម្រេចបាន ១៥% ជាមួយនេះសំណង់តំបន់ហោះហើរ ដែលចាប់ផ្តើមការដ្ឋាន នាពាក់កណ្តាលខែតុលា មកដល់ចុងឆ្នាំ២០២០ដូចគ្នា សម្រេចបានប្រមាណជា ១០%។

ទីតាំងការដ្ឋានអាកាសយានដ្ឋានខាងលើនេះ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម គឺមានចម្ងាយប្រមាណជា ៥១គីឡូម៉ែត្រពីក្រុងសៀមរាប និង ប្រហែលជា ៤០គីឡូម៉ែត្រ ពីប្រាសាទអង្គវត្ត ដែលធានាបានថា ការហោះហើរនិងចុះចត មិនមានផលអវិជ្ជមាន នៃប្រតិបត្តិការ របស់អាកាសយានដ្ឋាន ចំពោះប្រាសាទអង្គវត្ត និងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ។ ម៉្យាងទៀត ចំពោះការសាងសង់អាកាសយានដ្ឋាននេះ ក៏រក្សានូវបរិស្ថានធម្មជាតិទៀតផងដែរ។

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី នៅខេត្តសៀមរាបនេះ គ្រោងនឹងបញ្ចប់ ដោយឆ្លងកាត់ការត្រួតពិនិត្យ របស់ក្រុមបច្ចេកទេស និងអង្គភាពជំនាញ ឈានទៅបំពេញលក្ខខណ្ឌប្រតិបត្តិការ របស់អាកាសយានដ្ឋាន នាពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ គឺមានរយៈពេលសារុប ៣៦ខែ បើគិតចាប់ពីថ្ងៃបើកការដ្ឋាន ពាក់កណ្តាលខែមីនា ឆ្នាំ២០២០។

អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់ 4E មានផ្លូវរត់ប្រវែង ៣ពាន់ ៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មាន ៣៨ចំណតយន្តហោះ និង មានក្រឡាផ្ទៃស្ថានីយ៍អ្នកដំណើរជាង ០៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជាង ០៧លាននាក់។

អាកាសយានដ្ឋានអន្តរជាតិ ខ្នាតធំមួយនេះ ត្រូវបានស្ថិតក្រោមកិច្ចព្រមព្រៀង BOT រយៈពេល ៥៥ឆ្នាំ ដែលក្រោយពេលប្រតិបត្តិការត្រូវបានបញ្ចប់ ហើយគម្រោងនេះ នឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងនោះអ្នកជំនាញ ក៏បានសំណូមពរដល់រដ្ឋបាលខេត្តសៀមរាប ក្នុងកិច្ចសហការជា មួយក្រុមហ៊ុន ក្នុងការជួយសម្រួល នូវបណ្តាញចរន្តអគ្គិសនី ដើមី្បបំពេញតម្រូវការ ក្នុងការប្រើបាស់ឲ្យបានគ្រប់គ្រាន់ នៅក្នុងបរិវេណអាកាសយានដ្ឋាននៅពេលបើកដាក់ឲ្យដំណើរការហោះហើរ និង តភ្ជាប់បណ្តាញទឹកស្អាត ដើមី្បផ្គត់ផ្គង់ប្រើ ប្រាស់នៅអាកាសយានដ្ឋាននេះ និង តភ្ជាប់ប្រព័ន្ធ អ៊ិនធើណែត ព្រមទាំងសុំជួយធ្វើការសម្របសម្រួលការធ្វើបណ្ណ័កម្មសិទ្ធិដីផ្លូវចូលមកព្រលាន ដើមី្បធ្វើរបងការពារសុវត្ថិភាពទៀតផង។

នាឱកាសនោះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ការសាងសង់អាកាសយានដ្ឋាននេះ គឺជាការរួមចំណែកសម្រាប់អនាគតថ្មី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវ៉ៃ និងជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ដ៏សំខាន់ រវាងកម្ពុជា-ចិន ហើយក៏ជាសក្ខីភាពមួយ បញ្ជាក់អំពីការខិតខំប្រឹងប្រែងយ៉ាងសកម្ម នៃប្រទេសទាំងពីរ ជម្រុញកិច្ចដំណើរការគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ ជាមួយនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

បន្ថែមលើនេះ លោក ទៀ សីហា ក៏បានបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប ក៏ត្រៀមលក្ខណៈក្នុងការសម្របសម្រួល និង កិច្ចសហប្រតិបត្តិការ ទៅតាមរាល់សំណូមពរ របស់ក្រុមហ៊ុន ដែល បានលើកឡើង។

លោកបន្តថា រាល់សំណូមពរ របស់ក្រុមហ៊ុន គឺទាមទាឲ្យមន្ទីរ អង្គភាពជំនាញ ចុះមកធ្វើការសិក្សា ជាមុន ដើមី្បក្នុងការធានា ឲ្យបានទៅតាមតម្រូវការចាំបាច់ ប្រើប្រាស់នៅក្នុងអាកាសយានដ្ឋាន និង ធ្វើការជម្រុញដល់គណៈកម្មការ និងមន្ទីរជំនាញ ចុះធ្វើការពិនិត្យ និង កំណត់ព្រំដីឲ្យបានច្បាស់លាស់ជាមុនផងដែរ៕

ប្រភព៖ Siam Reap Times

អត្ថបទដែលជាប់ទាក់ទង