កងទ័ពជើងទឹកការពារកោះពូលូវៃ ប្រទះឃើញថ្នាំញៀនប្រភេទ Ketamine មានទម្ងន់ជាង ៤០០គីឡូក្រាម

ខេត្តព្រះសីហនុ៖ កម្លាំងកងទ័ពជើងទឹក ប្រចាំការការពារកោះពូលូវៃ បានប្រទះឃើញ ថ្នាំញៀន ប្រភេទ Ketamine ដែលវេចខ្ចប់ជាកញ្ចប់ធំៗ ចំនួន ៤៦៥ដុំ (កញ្ចប់) និងមានទម្ងន់ប្រមាណជាង ៤០០គីឡូក្រាម ក្នុងអំឡុងពេលកំពុងល្បាត នៅជុំវិញកោះពូលូវៃ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១។

ថ្នាំញៀនប្រភេទ Ketamine
ខាងលើនេះ ត្រូវបានកម្លាំងកងទ័ពជើងទឹកសន្និដ្ឋានបឋមថា អាចទំនងជាមានអ្នកយកមកផ្លុងចោល..។

ក្រោយប្រមូលយកថ្នាំញៀន ប្រភេទ Ketamine ទាំងនោះរួចហើយ កម្លាំងកងទ័ពប្រចាំការ ការពារ នៅលើកោះពូលូវៃ ក៏បានប្រគល់មកឲ្យកម្លាំងទីបញ្ជាការជួរមុខគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដើម្បីបន្តតាមនីតិវិធី។

ទាក់ទិនបញ្ហានេះ លោក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា ថ្នាំញៀនទាំងអស់នេះ បាននាំយកមកដល់ ទីបញ្ជាការដ្ឋានជួរមុខ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួចហើយនៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ហើយថា បច្ចុប្បន្ន សមត្ថកិច្ចជំនាញស្ថាប័នពាក់ព័ន្ធ កំពុងសហការគ្នាត្រួតពិនិត្យ តាមបច្ចេកទេស ទៅតាមជំនាញនីមួយៗ។

យ៉ាងណាក៏ដោយចុះ សមត្ថកិច្ចចម្រុះមកពីស្ថាប័នជំនាញនីមួយៗ នៅមិនទាន់បញ្ជាក់ពីប្រភព ឬអ្នកជាប់ពាក់ព័ន្ធ នឹងការនាំចូលថ្នាំញៀនប្រភេទ Ketamine ដែលវេចខ្ចប់រួចចំនួន ៤៦៥ដុំ (កញ្ចប់ធំ) មានទម្ងន់ប្រមាណជាង ៤០០គីឡូក្រាម ខាងលើនេះ នៅឡើយទេ ព្រោះកំពុងបន្តរាប់ឲ្យដឹងពីទម្ងន់ឲ្យបានពិតប្រាកដ ដើម្បីឈានទៅបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង