រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្វើទស្សនកិច្ចសិក្សាពីសក្តានុពលតំបន់ព្រែកទឹកសាប នាខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូ និងមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងវិស័យឯកជន មានសភាពាណិជ្ជកម្មខេត្តព្រះសីហនុជាដើម ចុះធ្វើដំណើរទស្សនកិច្ចសិក្សា អំពីសក្តានុពលតំបន់ព្រែកទឹកសាប ស្ថិតក្នុងខេត្តព្រះសីហនុ។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ អមដំណើរដោយ លោកអភិបាលរងខេត្ត និងលោក ឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ ព្រមទាំងលោក-លោកស្រី សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តព្រះសីហនុ រួមទាំងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ជាច្រើនទៀត។

នាឱកាសនោះ លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងនាមតំណាងឲ្យសមាជិក សមាជិកា សភាពាណិជ្ជកម្ម និងក្រុមហ៊ុនសហគ្រាសធុនតូច និងមធ្យម ក្នុងខេត្តព្រះសីហនុ ពិតជាមានមហាកិត្តិយសណាស់ ដែលលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំគណៈប្រតិភូ បានផ្តល់កិត្តិយសអញ្ជើញចុះមកពិនិត្យដល់ទីតាំងជាក់ស្តែង នៅតំបន់ព្រែកទឹកសាបរាម នៅពេលនេះ។

លោកឧកញ៉ាបន្តថា ជាការពិតតំបន់ព្រែកទឹកសាបរាមនេះ គឺពិតជាមានសក្តានុពលបំផុត សម្រាប់ការអភិវឌ្ឍន៍ឲ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ និងកសិកម្ម ដែលមិនទាន់ត្រូវបានកែច្នៃនៅឡើយ។

លោក វណ្ណ សុខហេង បន្តទៀតថា ដោយមើលឃើញ នូវសក្តានុពលទេសចរណ៍នៅតំបន់នេះ ទើបសភាពាណិជ្ជកម្មខេត្តព្រះសីហនុ នាពេលកន្លងទៅ បានធ្វើការស្នើសុំ លោករដ្ឋមន្ត្រី ឱ្យជួយរៀបចំផែនការអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ និងកសិកម្ម នៅតំបន់ព្រែកទឹកសាបរាមនេះ ដោយសង្ឃឹមថា តំបន់នេះ នឹងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ និងកសិកម្មសម្រាប់ប្រទេសកម្ពុជា នាពេលខាងមុខ។

លោកឧកញ៉ា វណ្ណ សុខហេង ឲ្យដឹងដូច្នេះ រួចបន្តថា សម្រាប់ការអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ និងកសិកម្មនេះ ក៏មានផលលំបាកមួយចំនួន រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងច្រាំងព្រែក ព្រមទាំងការគ្រប់គ្រងសំណង់ ក្នុងការសាងសង់ច្បាប់អាជីវកម្មនៅលើផ្ទៃទឹក ផែនការមេសម្រាប់អភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ និងកសិកម្ម ព្រែកទឹកសាបរាម គឺសុទ្ធតែជាបញ្ហាប្រឈម ដែលត្រូវមានយន្តការដោះស្រាយ ដ៏សមស្របមួយ។

ដោយឡែក លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា លោកពិតជាមានការចាប់អារម្មណ៍ ចំពោះផែនការ នៃការអភិវឌ្ឍបែបលក្ខណៈធម្មជាតិ នៅតាមតំបន់ព្រែកទឹកសាប របស់សភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដោយមើលឃើញនៅប្រទេសជាច្រើនដូចជាប្រទេសថៃ និងវៀតណាម ជាដើម ដែលបានទាញយកប្រយោជន៍ជាច្រើនពីការកែច្នៃធម្មជាតិដ៏ល្អ ហើយអាចជួយរកចំណូលដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះ ឲ្យមានជីវភាពកាន់តែប្រសើរបានមួយកម្រិតទៀត៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង