ពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់នៅ​២ខ្នង ក្នុងបរិវេណតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ

​ខេត្តព្រះសីហនុ៖ លោក ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៣ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់នៅ ០២ខ្នង ក្នុងបរិវេណតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ដែលមានទីតាំងស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ លោកអភិបាលក្រុង មេបញ្ជាការរង នាយទាហាន ពលទាហាន និងប្រធានមន្ទីជុំវិញខេត្តផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោក​ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានលើកឡើងថា ជានិច្ចជាកាលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង លោក ហ៊ុន ម៉ាណែត តែងតែបានគិតគូរយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ ជីវភាពរស់នៅ និងសុខភាពក៏ដូចជាតម្រូវការផ្សេងៗ របស់កងទ័ពក្នុងការបំពេញភារកិច្ច ដោយបានផ្តល់ និងកសាងជូនដល់អង្គភាពកងទ័ពនូវគ្រប់ហេដ្ឋារចនាសម្ព័ននានារួមមាន អគារសម្រាប់ធ្វើការងារ,ជំរុំជម្រកស្នាក់នៅ និងបានឧបត្ថម្ភបន្ថែមលើរបបប្រចាំថ្ងៃ ដល់កងទ័ព និងគ្រួសារទ័ពថែមទៀតផង។

​លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងនាមលោកតំណាងឱ្យ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់នៅចំនួន ០២ខ្នង សម្រាប់យោធាខេត្តព្រះសីហនុ ដែលជាអំណោយ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ជូនយោធាខេត្តព្រះសីហនុ ហើយបានរៀបចំកម្មវិធីសុំម្ចាស់ទឹក ម្ចាស់ដី ដើម្បីដំណើរការសាងសង់អគារស្នាក់នៅរបស់យោធាតំបន់ប្រតិបត្តិការសឹករងព្រះសីហនុប្រកបដោយសុខសុវត្ថិភាព និងទទួលបាននូវសំណង់ល្អ ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុការពារជាតិ មាតុភូមិឱ្យបានរឹងមាំ សុខសាន្តប្រកបដោយសន្តិភាពយូរអង្វែងសម្រាប់ជាតិ មាតុភូមិរបស់យើង​។

លោកអភិបាល​ បន្តថា ​ការសាងសង់អគារស្នាក់នៅរួមចំនួន ០២ខ្នងនេះ មានកម្ពស់ ០២ជាន់ ក្នុងមួយខ្នងមានទទឹង ១០,៥០ម៉ែត្រ និងបណ្តោយ ៣៦ម៉ែត្រ នៅពេលសាងសង់រួចអគារនេះមានលទ្ធភាពឱ្យយោធារបស់យើងស្នាក់នៅចន្លោះពី ៨០នាក់ទៅ ១២០នាក់ ទាំងអស់នេះហើយ គឺជាការយកចិត្តទុកដាក់ដល់កងទ័ពមានភាពកក់ក្តៅស្មារតីរឹងមាំអង់អាចក្លាហាន និងមានឆន្ទៈមោះមុតក្នុងការការពារសន្តិសុខ ការពារអធិបតេយ្យភាព បូរណភាពទឹកដី ឱ្យកាន់តែរឹងមាំថែមទៀត៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង