​ប្រកាសតែងតាំងមន្រ្តីដឹកនាំ ក្នុងរដ្ឋបាលក្រុងព្រះសីហនុចំនួន៥រូប

ខេត្តព្រះសីហនុ៖ រដ្ឋបាលក្រុងព្រះសីហនុ បានប្រកាសតែងមុខតំណែងអភិបាលរងថ្មី និងសមាជិកក្រុមប្រឹក្សាក្រុង ព្រមទាំងនាយករដ្ឋបាលសាលាក្រុងថ្មី នៅក្នុងអាណត្តិថ្មី​នេះ។ ពិធីនេះ ចូលរួមជាអធិបតី ដោយ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ ​ព្រឹកថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

​ពិធីនេះដែរ ក៏មានប្រកាសតែងតាំងប្រធានអង្គភាពលទ្ធកម្មសាលាក្រុង, ប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូន, អនាម័យបរិស្ថាន និងសណ្តាប់ធ្លាប់សាធារណៈ នៃក្រុងព្រះសីហនុផងដែរ។

នាឱកាសនោះ លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានផ្តាំផ្ញើទៅមន្ត្រីទាំងអស់ ដែទើប​​ចូលកាន់មុខតំណែងថ្មី ត្រូវខិតខំ​បំពេញការងារ របស់ខ្លួន ឲ្យបានល្អ ស្របតាម​គោលការណ៍ របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំបានចាត់តាំង ដើម្បីបម្រើ​ដល់សង្គមជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋឲ្យបានល្អ និងមានការទទួលខុសត្រូវខ្ពស់។

​នៅក្នុងពិធីនោះដែរ អ្នកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ ​តំណាងឲ្យមន្ត្រីដែលទើបចូលកាន់មុខតំណែងថ្មី ​បានឡើងប្ដេជ្ញាចិត្តថា៖

– ខិតខំត្រងត្រាប់ និងអនុវត្តនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

– អនុវត្តតាមរដ្ឋធម្មនុញ្ញច្បាប់ និងលិខិតបទដ្ឋាននានា របស់រាជរដ្ឋាភិបាល ជាពិសេសតាមការណែនាំ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបត្តេយ្យនៅថ្នាក់ក្រោមជាតិ។

– ខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញការងារជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ
ជាពិសេសទិសដៅ និងផែនការសកម្មភាពការងារ របស់ដ្ឋបាលក្រុង ដែលបានដាក់ចេញ។

– ខិតខំយកចិត្តទុកដាក់ចូលរួមគ្រប់សកម្មភាព ក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការបង្កើនសាមគ្គីផ្ទៃក្នុង និងបង្កើនការទំនាក់ទំនងជាមួយ បណ្តាមន្ទីរអង្គភាពជុំវិញខេត្ត ឲ្យបានល្អប្រសើរ និងបំពេញភារកិច្ចផ្សេងៗឱ្យបានម៉ឺងម៉ាត់តាមការចាត់តាំង របស់ថ្នាក់ដឹកនាំដែលបានប្រគល់ភារកិច្ចជូន។

ដោយឡែក លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ក៏បានផ្ដាំផ្ញើដល់មន្ត្រីទាំងអស់ ដែលទើបតែតែងតាំង និងចូលកាន់មុខតំណែងថ្មី ត្រូវរួមសហការគ្នាបំពេញការងារទៅតាមជំនាញរៀងៗខ្លួន ឲ្យបានល្អ ដើម្បីបំរើដល់សង្គមជាតិ ប្រជាពលរដ្ឋ ក៏ដូចជាជម្រុញឲ្យក្រុងព្រះសីហនុ មានការរីកចំរើនច្រើនថែមទៀតនាថ្ងៃអនាគត។ ជាងនេះទៀត លោក ម៉ាង ស៊ីណេត ក៏បានកោតសរសើរចំពោះសកម្មភាពដឹកនាំការងារ របស់រដ្ឋបាលក្រុងព្រះសីហនុ និងមន្ត្រីបម្រើការងារ​ទាំងអស់ ដែលជាបន្តបន្ទាប់មកនេះ បានបំពេញភារកិច្ចការងារ ដោយមានការទទួលខុសត្រូវ​ខ្ពស់ ជាពិសេសមានឆន្ទៈក្នុងការបំពេញការងារ ដោយ​មានភាពស្មោះត្រង់ ដែលរុញច្រានឱ្យក្រុងព្រះសីហនុ មានការរីកចម្រើនដូចសព្វថ្ងៃនេះ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង