សម្តេចតេជោ ហ៊ុន សែន​៖ ទីបំផុតប្រទេសកម្ពុជា ​ចាប់ផ្តើមដំណើរការជាផ្លូវការ ​នូវការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាជន​របស់ខ្លួនហើយ

រាជធានីភ្នំពេញ​៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រៃរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) ​មានខ្លឹមសារថា​៖ ទីបំផុត ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការជាផ្លូវការ នូវការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន​ហើយ។ សម្តេចបន្តថា ទាំងនេះជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ដែលជាមិត្តដែកថែប ដែលខ្ញុំសុំយកឱកាសនេះ ថ្លែងអំណរគុណចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនចិន ពិសេស ឯកឧត្តមប្រធានាធិបតី ស៊ី ជិនភីង ដែលបានផ្តល់ជំនួយដ៏សប្បុរស ដល់ប្រជាជនកម្ពុជា។

មុនចាក់វ៉ាក់សាំង មានការលើកឡើងមួយចំនួនជុំវិញអវត្តមាន របស់ខ្ញុំ លើការចាក់វ៉ាក់សាំងនាថ្ងៃនេះ បណ្តាលមកពីកត្តាអាយុរបស់ខ្ញុំ រហូតប្រើពាក្យមិនសមរម្យខ្លះមកលើខ្ញុំ។ ច្បាស់ណាស់ថ្ងៃនេះ កូនប្រុសរបស់ខ្ញុំ បានទទួលវ៉ាក់សាំងមុនគេជំនួសអោយឪពុក ដែលនេះ ក៏បញ្ជាក់ច្បាស់ពីការទទួលខុសត្រូវ របស់យើងចំពោះមុខជនរួមជាតិយើង។

ខ្ញុំសូមផ្តាំផ្ញើចំពោះបងប្អូនជនរួមជាតិយើងទាំងក្នុង និងនៅក្រៅប្រទេស អោយបានច្បាស់ថា សូមបងប្អូនកុំបារម្ភលើវ៉ាក់សាំងមកពីប្រទេសណា? ម៉ាកអ្វី? តែគប្បីបារម្ភពីការអត់វ៉ាក់សាំងចាក់ ព្រោះគ្មានវ៉ាក់សាំងលក់តាមផ្សារដូចលក់ត្រី លក់ត្រកួននោះទេ។

បងប្អូនខ្មែរយើង ដែលរស់នៅប្រទេសជឿនលឿនមួយចំនួនធំ ឬអាចដល់៩៨ភាគរយ មិនទាន់បានទទួលការចាក់វ៉ាក់សាំងនៅឡើយ ព្រោះវាអត់មានវ៉ាក់សាំង បើទោះបីប្រទេសនោះ មានលុយហើយក៏រកទិញវ៉ាក់សាំងមិនបានដែរ ដោយសារការផលិតមិនទាន់៕

អត្ថបទដែលជាប់ទាក់ទង