​លោកឧកញ៉ា ទៀ វិចិត្រ អំពាវនាវដល់សមាជិក ក្រុមកង់មនុស្សធម៌ខេត្តព្រះសីហនុ​ ​ចូលរួម​ចុះឈ្មោះជិះកង់ឲ្យបានច្រើនកុះករ ដើម្បី​អបអរ​ព្រឹត្តិការណ៍ជិះកង់ នៃក្ដីស្រឡាញ់​​នៅថ្ងៃទី១៤ ខែកុម្ភៈ​​

ខេត្តព្រះសីហនុ៖ ប្រធានក្រុមកង់មនុស្សធម៌ខេត្តព្រះសីហនុ បានឲ្យដឹងថា សមាជិកក្រុមជិះកង់មនុស្សធម៌ របស់លោក បាន​ត្រៀមប្រមូលផ្តុំគ្នាជិះកង់ ដើម្បីស្វាគមន៍​ព្រឹត្តិការណ៍ជិះកង់ នៃក្ដីស្រឡាញ់ខេត្តព្រះសីហនុ ដែលនឹងរៀបចំឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។

លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមកង់មនុស្សធម៌ខេត្តព្រះសីហនុ មានប្រសាសន៍ថា ព្រឹត្តិការណ៍ជិះកង់ដើម្បីអបអរ ព្រឹត្តិការណ៍ នៃក្តីស្រលាញ់ ដែលត្រូវរៀបចំឡើងនៅខេត្តព្រះសីហនុ ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែកុម្ភៈ ចុងសប្តាហ៍នេះ ទំនងជាអាចមានសមាជិក​ ក្រុមកង់មនុស្សធម៌​របស់លោក ​ជាច្រើននាក់នឹងចុះឈ្មោះចូលរួម​ ព្រោះបច្ចុប្បន្ននេះ សមាជិកមួយចំនួន ក៏បានចុះឈ្មោះចូលរួមជិះកង់ ក្នុងព្រឹត្តិការណ៍ខាងលើនេះ ជាបណ្តើរៗរួចហើយដែរ។

ឆ្លៀតឱកាសនេះ លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានក្រុមមនុស្សធម៌អូរបី ប្រចាំខេត្តព្រះសីហនុ​ផងនោះ ក៏បានអំពាវនាវដល់ គណៈគ្រប់គ្រង និង​សមាជិកក្រុមកង់មនុស្សធម៌ខេត្តព្រះសីហនុទាំងអស់ សូមរួសរាន់​ចុះឈ្មោះចូលរួមជិះកង់ឲ្យបានច្រើនកុះករ​ ប្រយោជន៍ដើម្បីលើកស្ទួយវិស័យទេសចរណ៍ និងផ្សព្វផ្សាយ​តំបន់ឆ្នេរ​សមុទ្រខេត្តព្រះសីហនុ ​ដ៏ស្រស់ស្អាត របស់ព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានឈ្មោះបោះសំឡេងល្បីរន្ទឺថែមទៀតនៅលើពិភពលោក៕ ដោយ៖ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង