រដ្ឋបាលខេត្តព្រះសីហនុ បញ្ឈប់ការតាំងពិព័រណ៍លក់ផលិតផល នាពិធីបុណ្យចូលឆ្នាំចិន-វៀតណាម

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតជូនដំណឹង ស្តីពីការបញ្ឈប់ការតាំងពិព័រណ៍លក់ផលិតផល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ដែលបានចាប់ផ្តើមពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លិខិតជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ មានចុះហត្ថលេខា លោក ម៉ាង ស៊ីណេត អភិបាលស្តីទីខេត្តព្រះសីហនុ បានបញ្ជាក់ថា មូលហេតុឈានដល់បញ្ឈប់ មិនឲ្យមានការរៀបចំការតាំងពិព័រណ៍លក់ផលិតផល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ពេលនេះ ក៏ព្រោះតែក្រុមហ៊ុនខាងលើនេះ មិនបានអនុវត្តតាមខ្លឹមសារលិខិតលេខ០១៤សខល ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល ស្តីពី «ការពង្រឹងការអនុវត្តវិធានការការពារការចម្លងជំងឺវីដ-១៩ នៅតាមពិធីបុណ្យផ្សេងៗ និងពិធីរៀបអាពាហ៍ពិពាហ៍» និងមិនអនុវត្តតាមស្មារតី នៃអង្គប្រជុំថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ដោយមិនបានចែកម៉ាស់ និងវាស់កម្តៅ អ្នកចូលរួមឲ្យបានគ្រប់ជ្រុងជ្រោយទេ។

ជាងនេះទៀត មានមនុស្សមួយចំនួន បានចេញ-ចូលតាមច្រកផ្សេងៗ ដោយសារគ្មានរបងព័ទ្ធជុំវិញ ព្រមទាំងមិនបានរៀបចំ ឱ្យមានគម្លាតសុវត្ថិភាពចម្ងាយ ១,៥ម៉ែត្រ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដែលអាចបណ្តាលឱ្យឆ្លងជំងឺកូវីដ-១៩។

ផ្តើមពីបញ្ហានេះ ទើបរដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបញ្ឈប់ការតាំងពិព័រណ៍ ចាប់ពីម៉ោង ០១ រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១តទៅ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង