ករណីរោងចក្របង្ហូទឹកស្អុយចូលប្រឡាយ ប៉ះពាល់ដល់ពលរដ្ឋពីរឃុំ មិនអាច​ប្រើទឹកនោះបាន ពេលនេះ​អាជ្ញាធរស្រុកព្រៃនប់​ ចាត់ការរួចហើយ!

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅឃុំទឹកល្អក់ និងឃុំសាមគ្គី ស្រុកព្រៃនប់ បានរអ៊ូរទាំថា មានរោងចក្រមួយកន្លែង នៅក្នុងមូលដ្ឋាន របស់ពួកគាត់ បានបង្ហូ​ទឹកស្អុយ ឬទឹកកខ្វក់ ហើយទំនងជាមានសារធាតុគីមីផង បណ្តាលឲ្យទឹកនៅក្នុងប្រឡាយ ឬអូរនោះ មានពណ៌ខ្មៅ ហើយមិនអាចឲ្យសត្វពាហនៈ ឬគោក្របី របស់អ្នកស្រុកផឹក ឬប្រជាពលរដ្ឋដងទឹកក្នុងប្រឡាយនោះ មកប្រើប្រាស់ដូចមុនទៀតទេ។

ក្រុមប្រជាពលរដ្ឋ បញ្ជាក់ថា សកម្មភាពបង្ហូ​ទឹកស្អុយ ឬទឹកកខ្វក់តាមប្រឡាយ ឬអូរ នៅក្នុងមូលដ្ឋានខាងលើនេះ មិនមែនទើបមានថ្មីៗនេះទេ ហើយពួកគាត់តែងបានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានភូមិឃុំជាប្រចាំ ដើម្បីឲ្យជួយពាំនាំយកកង្វល់ របស់ពួកគាត់ទៅថ្នាក់ដឹកនាំថ្នាក់ស្រុក និងខេត្តព្រះសីហនុ ឲ្យជួយអន្តរាគមន៍ ប៉ុន្តែហាក់មានការយឺតយ៉ាវបំផុត។

យ៉ាងណាក៏ដោយចុះ ចំពោះកង្វល់ពលរដ្ឋខាងលើនេះ មន្ត្រីរដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឲ្យបណ្តាញផ្សព្វផ្សាយដឹងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ករណីមានរោងចក្រមួយកន្លែង ស្ថិតក្នុងឃុំទឹកល្អក់ មានព្រំប្រទល់ជាប់​ឃុំសាមគ្គី ស្រុកព្រៃនប់ ដែលបានបង្ហូទឹកស្អុយចូលក្នុងអូរ ប្រឡាយ ប៉ះពាល់បរិស្ថាន និងប៉ះពាល់ដល់ការប្រើប្រាស់ទឹក របស់ប្រជាពលរដ្ឋរស់នៅតំបន់នោះ ពេលនេះ អាជ្ញាធរ​ស្រុកព្រៃនប់ បានចុះត្រួតពិនិត្យ និងបានណែនាំដល់តំណាងរោងចក្រខាងលើនេះ ធ្វើកិច្ចសន្យាបញ្ឈប់បង្ហូទឹកស្អុយ ចូលអូរ ឬប្រឡាយ ជាផ្លូវការរួចហើយ។

មន្ត្រី​រដ្ឋបាលស្រុកព្រៃនប់ បញ្ជាក់ថា ក្នុងករណីម្ចាស់រោងចក្រ មិនព្រមស្តាប់តាមការណែនាំ របស់អាជ្ញាធរស្រុកទេ ហើយនៅបន្តបង្ហូទឹកស្អុយ ឬទឹកកខ្វក់តាមប្រឡាយ ក្នុងមូលដ្ឋានខាងលើនេះទៀត គឺ ក្រុមហ៊ុន ឬរោងចក្រនេះ អាចប្រឈមនឹងការផាកពិន័យ ឬបិទទីតាំងមិនឲ្យធ្វើអាជីវកម្មតែម្តង។

ចំណែកប្រជាពលរដ្ឋ រស់នៅឃុំសាមគ្គី និងឃុំទឹកល្អក់ ដែលរង់ផលប៉ះពាល់ពីការបង្ហូទឹកកខ្វក់ ចេញពីរោងចក្រខាងលើនេះ បានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំរដ្ឋបាលស្រុកព្រៃនប់ ដែលមានចំណាត់ការបានទាន់ពេលវេលា ជូនប្រជាពលរដ្ឋនៅពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង