គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្ទឹងត្រែង តាមផ្លូវជាតិលេខ៩ បណ្តាលឲ្យរបួសធ្ងន់ស្រាលមនុស្ស​៩នាក់​

ខេត្តស្ទឹងត្រែង៖ សមត្ថកិច្ចនគរបាលចរាចរណ៍ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ ឬអ្នកបើកបរតាមដងផ្លូវនានា ទូទាំងប្រទេសកម្ពុជា ត្រូវបង្កើនការគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងប្រុងប្រយ័ត្នពីគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើតមានឡើងជាប្រចាំ ព្រោះតាមការកត់សម្គាល់គ្រោះថ្នាក់នេះ បានកើតឡើងរាល់ថ្ងៃនៅទូទាំងប្រទេស ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើនករណី។

ជាក់ស្តែងកាលពីថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១ម្សិលមិញនេះ ​មានគ្រោះថ្នាក់ចរាចរណ៍មួយករណី បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៩ បណ្តាលឲ្យមានមនុស្ស ០៩នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងនោះមានស្ត្រី ០២នាក់។ សត្ថកិច្ចបន្តថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង នៅតាមបណ្តោយផ្លូវជាតិលេខ៩ ចន្លោះព្រំប្រទល់ខេត្តស្ទឹងត្រែង-ព្រះវិហារ ដោយមានចម្ងាយប្រមាណ១៧ គីឡូម៉ែត្រ ពីក្រុងស្ទឹងត្រែង ស្ថិតក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់។

​សមត្ថកិច្ច ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍​នេះ​បង្កឡើង រវាងរថយន្តធំដឹកមាន់ បានបុកប៉ះគ្នាជាមួយរថយន្តលុចសុីស​ ដែលបើកក្នុងទិសដៅបញ្ច្រាសទិសគ្នា។ បច្ចុប្បន្ន រថយន្តបង្កគ្រោះថ្នាក់ទាំងពីរ ត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុក ដើម្បីរង់ចាំរកដោះស្រាយតាមនីតិវិធីច្បាប់នៅថ្ងៃក្រោយ៕ ដោយ៖ នាក់ វុទ្ធី

អត្ថបទដែលជាប់ទាក់ទង