មិនទាន់ចាប់បានជន ដែលបើកគោយន្តបុកមន្ត្រីឧទ្យានុរក្សម្នាក់ បាក់ជើងក្នុងខេត្តព្រះវិហារនៅឡើយទេ

ខេត្តព្រះវិហារ៖ មន្ត្រីការពារបរិស្ថាន បានឲ្យដឹងថា  រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់ចាប់បានជនជាឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើ ដែលបើកគោយន្តបុកប៉ងសម្លាប់មន្ត្រីឧទ្យានុរក្សម្នាក់ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នោះនៅឡើយទេ។

មន្ត្រីឧទ្យានុរក្សខាងលើនេះ ប្រចាំការនៅទីស្នាក់ការពើក ដែនជម្រកសត្វព្រៃព្រៃឡង់បឹងពែរ បានធ្លាក់ខ្លួនពិការតាំងពីខែកក្កដាឆ្នាំ២០២០កន្លងមក ប៉ុន្តែជនបង្កមិនទាន់ត្រូវបានចាប់ខ្លួនទេ។

ទាក់ទិនបញ្ហានេះ លោក មាស ញឹម ប្រធានការិយាល័យ នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការលើជនឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើ ដែលប៉ងធ្វើឃាតមន្ត្រី របស់លោកនៅម្តុំដែនជម្រកសត្វព្រៃព្រៃឡង់បឹងពែរ។

ក្នុងខ្លឹមសារ នៃពាក្យបណ្តឹង ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ កម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំកាទីស្នាក់ការពើកចំនួន ០២នាក់ មានឈ្មោះ ឈុន បូរិន និងឈ្មោះ អ៊ូ លាងអ៊ាន់ បានចុះល្បាតព្រៃនៅស្រែអណ្តូងជ្រៃ U.T.M.០៥.៣៣៧៥៥ _14.80.16.30. ស្ថិតក្នុងឃុំរៀបរយស្រុងរវៀង ខេត្តព្រះវិហារ។

លោកបន្តថា កាលណោះ កម្លាំង របស់គាត់ ក៏បានជួបជនសង្ស័យម្នាក់ ដែលគេស្គាល់ឈ្មោះ ធុន ម៉ុល បានបើកគោយន្តកន្ត្រៃដឹករណាយន្ត ០១គ្រឿង ចេញពីក្នុងព្រៃតំបន់ដែនការពារ ហើយពេលនោះ មន្ត្រីឩទ្យានុរក្ស ក៏បានហៅម្ចាស់គោយន្ត ដែលជាជនសង្ស័យរូបនោះ ឱ្យឈប់ដើម្បីសួរនាំតែម្ចាស់គោយន្តនោះមិនឈប់ ហើយគោយន្ត របស់ខ្លួនបង្កើនល្បឿនទៅមុខទៀត។

ភ្លាមៗនោះជនសង្ស័យ ក៏បានបើកគោយន្តតម្រង់សំដៅបំបុក លោក ឈួន បុរិន ទាំងកម្រោល ទំនងជាបំណងសម្លាប់មន្ត្រីឧទ្យានុរក្សម្នាក់នោះ ប៉ុន្តែចៃដន្យ មន្ត្រីរូបនេះ គេចមិនផុត ក៏ត្រូវគោយន្តជនសង្ស័យបុកត្រូវជើងខាងស្តាំ បណ្តាលឱ្យបាក់ខ្ទេច និងធ្លាក់ខ្លួនពិការរហូតមកដល់ពេលនេះ។

បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យ ក៏បានរត់ចូលព្រៃរហូតមកដល់ពេលនេះ ហើយសមត្ថកិច្ច ក៏នៅមិនទាន់ចាប់ខ្លួនជនសង្ស័យរូបនេះ មកផ្តន្ទាទោសនៅឡើយទេ៕ ដោយ៖ សៅ វ៉ាន់ឌី

អត្ថបទដែលជាប់ទាក់ទង