បញ្ជាគ្រឿងចក្រជីកស្រះ កាយចំមីនតោន ផ្ទុះរបួសមនុស្ស២នាក់

ខេត្តឧត្តរមានជ័យ៖ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បុរសម្នាក់បានបញ្ជាគ្រឿងចក្រជីកស្រះមួយកន្លែង ហើយបានកាយប៉ះចំ មីនតោន រួចក៏ផ្ទុះឡើង បណ្តាលឱ្យអ្នកបើកបរគ្រឿងចក្រ និងម្ចាស់ស្រះ ដែលកំពុងឈរមើលរងរបួសទាំងពីរនាក់។

សមត្ថកិច្ច បញ្ជាក់ថា ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅក្នុងភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២១។

មន្ត្រីនគរបាល បានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ បន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ បានបើកគ្រឿងចក្រប្រភេទអេស្កាវ៉ាទ័រស៊ីឈ្នួលជីកស្រះឱ្យគេ។ ហើយពេលកំពុងបញ្ជាគ្រឿងចក្រកាយដីជីកស្រះនោះ ក៏ស្រាប់តែកាយប៉ះចំមីនតោន ក៏ផ្ទុះកក្រើកឡើងបណ្តាលឱ្យអ្នកបើកបរគ្រឿងចក្រនិងម្ចាស់ស្រះ ដែលកំពុងឈរមើលរងរបួសទាំងពីរនាក់។ ភ្លាមៗនោះ ជនរងគ្រោះទាំង ០២នាក់ ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង, ឯចំណែកគ្រឿងចក្រ ត្រូវរងការខូចខាតធ្ងន់ធ្ងរ។

មន្ត្រីដដែលបន្តថា ជនរងគ្រោះជាអ្នកបើកគ្រឿងចក្រមានឈ្មោះ លេខ ឡី ភេទប្រុស អាយុ ១៦ឆ្នាំរស់នៅភូមិរលំស្វាយ ឃុំជន្លាសដៃ ខេត្តសៀមរាប រងរបួសស្រាល។

ចំណែកម្ចាស់ស្រះ ឈ្មោះ ស៊ុម តង ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង